ព័ត៌មានជាតិ

ខឹងប្តីមានស្រីថ្មីមកលោតទឹកសម្លាប់ខ្លួន ដោយងងុយខ្លាំងពេកដេកសិន ព្រឹកឡើងទៅលោតគេជួយទាន់

ភ្នំពេញៈ ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ ដោយសារតែប្តីលួចមានស្រីថ្មី រហូតតូចចិត្តខ្លាំងពេក ក៏សម្រេចចិត្ត ជិះម៉ូតូកង់បីឥណ្ឌា មកលោតទឹកលើស្ពានជ្រោយចង្វាទាំងយប់ តែដោយសារងងុយគេងខ្លាំងពេក ទើបស្ត្រីនោះសម្រេចចិត្តទៅគេងនៅរង្វង់មូលកងព្រហ្មសិន លុះព្រឹកភ្ញាក់ឡើង ទើបដើឡើងស្ពានជ្រោយចង្វា បម្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋជួយទាន់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៨ និង ៣០ នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចលើស្ពាន ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ លីម សុភ័ក្ក ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិ ចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់មានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង រហូតមិនចង់រស់នៅតទៅទៀតទេ ពីព្រោះប្តីរបស់គាត់លួចមានស្រីថ្មី រហូតធ្វើឲ្យគាត់ចង់គិតខ្លី ជិះម៉ូតូកង់បីឥណ្ឌាមកលោតទឹកលើស្ពាន មិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វា ទាំងយប់ តែដោយសារគាត់លេបថ្នាំងងុយគេងខ្លាំងពេក ទើបគាត់សម្រេចចិត្តទៅគេងនៅរង្វង់មូល ព្រហ្មមុខបួនសិន លុះព្រឹកភ្ញាក់ឡើងទើបដើរឡើងស្ពានជ្រោយចង្វា បម្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋជួយទាន់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចនាំស្ត្រីរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដើម្បីធ្វើការសាកសួរ ណែនាំបន្ថែម រួចទាក់ទងក្រុមគ្រួសារ យកស្ត្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់