ព័ត៌មានជាតិ

អ្នកញៀនល្បែងបៀតាមដងផ្លូវ៣នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ចាប់ខ្លួន

ភ្នំពេញៈ បញ្ហាភូមិ-ឃុំ មានសុវត្ថិភាពជាកត្តាសំខាន់ បន្ទាប់ពីរដ្ឋាភិបាលបានដាក់បញ្ចូលឲ្យប្រើប្រាស់ជាផ្លូវការ។ ជាមួយគ្នានោះក្នុងចំណោមគោលនយោបាយទាំង៩ចំណុច គេសង្កេតឃើញថា បទល្មើសល្បែងស៊ីសង ហ្គេមអនឡាញ ជាកត្តាសំខាន់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេ ដែលល្បែងស៊ីសងទាំងនេះអាច ធ្វើឲ្យមនុស្សឈ្លក់វង្វេង ភ្លេចការងារ ភ្លេចបាយ ភ្លេចទឹក ភ្លេចការសិក្សារ និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម។

ជាក់ស្តែង កាលពីវេលាម៉ោង១១ និង ៣០នាទី ព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ ២០១៦ អ្នកញៀនល្បែងបៀតាមដងផ្លូវចំនួន៣នាក់ ក្នុងចំណោមអ្នកលេងល្បែងបៀ ជាច្រើននាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួន ខណៈដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង(បៀ) នៅចំណុចផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពី លោក វរសេនីយ៍ ម៉ក់ ហុង ក្រោយពីទទួលបណ្តឹងពីប្រជាពលរដ្ឋតាមទូរសព្ទឲ្យជួយចុះបង្ក្រាប ទីតាំងលេងល្បែងតាមផ្លូវខាងលើ ដែលតែងតែបង្កការរំខានដល់អ្នកជិតខាង ទើបលោកបញ្ជឲ្យលោក សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លាដឹកនាំកម្លាំងចុះបង្ក្រាបដល់ទីតាំងតែម្តង។

លោក សុខ សុផល នាយប៉ុស្តិ៍នរដ្ឋបាលទឹកថ្លាបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខឲ្យចុះបោសសំអាតល្បែងនានាតាមដងផ្លូវក្នុងមូលដ្ឋាន ទើបនៅព្រឹកនេះ លោកបានដឹកនាំកម្លាំងចុះទៅបោសសំអាតនៅចំណុចខាងលើ ក្នុងនោះឃាត់អ្នកញៀនល្បែងចំនួន៣នាក់ ដោយដកហូរបៀមួយហូរ លុយមួយចំនួន ម៉ូតូ៥គ្រឿង និងកង់១គ្រឿងផងដែរ។

បច្ចុប្បន្នអ្នកញៀនល្បែងទាំង៣នាក់ខាងលើរួមទាំងវត្ថុតាង បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕

ល្បែងបៀល្បែងបៀល្បែងបៀ

https://youtu.be/z0UafNApvp4

មតិយោបល់