ព័ត៌មានជាតិ

Update៖ ប្រពន្ធមកពិនិត្យរថយន្ដប្រាប់ថា ពិតជាឡានប្ដីគាត់ប្រាកដមែន ដែលបើកធ្លាក់ផ្លូវ ខណៈទំនាស់ពាក្យសម្ដីជាមួយគ្នារឿង…

កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្រុម​ការងារ​ប្រតិកម្មរហ័ស​ បានផ្សព្វផ្សាយព័ត៌មានកាលពីម្សិលមិញតាមរយៈ​ផេកផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ពាក់ព័ន្ធ​ករណី​ស្វែង​រក​ ម្ចាស់​រថយន្ត​ NISSAN FRONTIER មួយគ្រឿង​ ដែលអ្នកបើកបរបាត់ខ្លួនបន្ទាប់ពីររថយន្ដជួប​ ឧប្បត្តិ​ហេតុ​ធ្លាក់​ផ្លូវ​នៅចំណុច​ចំណោទយាយ​ម៉ៅពេជ្រនិល​ គីឡូម៉ែ​ត្រ​លេខ​ ១០៣–១០៤​ ស្ថិត​ក្នុង​ភូមិ​ទី៦​ ឃុំយាយម៉ៅ​ពេជ្រ​និល​ (អតីត​ឃុំត្រែងត្រយឹង​)​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ។

នារសៀល​ថៃ្ងសុក្រ ទី០៨​ ខែតុលា​ ឆ្នាំ​២០២១​ នេះ​ក្រុមគ្រួសារ​ និងភរិយា​ម្ចាស់​រថយន្ត​ NISSAN​ FR​ONTIER​ ខាងលើ​បានមកពិនិត្យ​រថយន្ដ​បានប្រាប់ថា​ រថយន្ត​NIS​SAN​ FRONTIER​ នេះពិតជារថ​យន្ដរបស់ប្ដីគាត់​ ស្រ្ដីដែលអះអាងថាជាប្រពន្ធមានឈ្មោះ សូ សុភាន់ ភេទស្រី អាយុ ៣៧ឆ្នាំ​ នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ​ និងបាន​ប​ញ្ជាក់​ថាប្ដី​ឈ្មោះ​ យូ សំអឿន ភេទប្រុស អាយុ ៣៨​ឆ្នាំ អាសយដ្ឋាន​ជាមួយ​គ្នា​(អ្នកបើកបរ)។

តាមរយៈ​ឯកសារ​មួយចំនួន​បញ្ជាក់​ថា​ រថយន្ដ​ខាងលើគឺពិតជារបស់ឈ្មោះ​ យូ​ សំអឿន​ និងឈ្មោះ​ សូ​ សុ​ភាន់​ ពិតប្រាកដ​មែន​ តាមការឱ្យដឹ​ងពីឈ្មោះ​ សូ​ មួន ភេទប្រុស អាយុ ៤៧ឆ្នាំ ត្រូវជាបងថ្លៃ បានប្រាប់​ ថា​ មូលហេតុប្អូនថ្លៃបើករថយន្ដមកដល់កន្លែង​កើត​ហេតុ​គឺបណ្ដាល​មកពី​ទំនាស់ពាក្យសំដីជា​មួយប្រពន្ធ​ «រឿងចង់ធ្វើ​ដំណើរ​ទៅដើរលេង​​»។

បច្ចុប្បន្ន​រថយន្ត​ NISSAN FRONTIER ខាងលើ​ បានបន្ដរក្សា​ទុកបណ្ដោះអាសន្ន​ នៅអធិកា​រដ្ឋាននគ​រ​ស្រុ​ក​ភ្នំស្រួច​ ដោយភាគី​ប្រពន្ធ​ រង់ចាំ​ប្ដីរបស់គាត់​បា​ត់ខឹង​និងនាំគ្នាមកយក​រថយន្ត​វិញ​។

ក្នុងនាមពលរដ្ឋ​ សូមថ្លែងអំណរគុណដល់សមត្ថកិច្ចនៃអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ពិសេស​ក្រុម​ការងារ​ប្រតិកម្មរហ័ស​ ​នៃស្នងការដ្ឋាន​នគរ​បា​លខេត្ដកំពង់ស្ពឺ​ ដែលបានចែករំលែកផ្សព្វផ្សាយនូវព័ត៌មាន​​ជួយដល់ពលរដ្ឋ​ ក្នុងករណី​មានហេតុការណ៍​កើត​ឡើងនៅក្នុងខេត្ដ​ សូមគោរពជូន​ពរ​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ស្ពឺ​ មានសុខភាពល្អ​ និងជោ​គជ័យគ្រប់ភារកិច្ច​ ជៀសផុតពីជំងឺ​ដ៏កាចសា​ហាវ​នេះ​ កូវីដ.១៩

មតិយោបល់