ព័ត៌មានជាតិ

សមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ ករណីឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួល

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ បានជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស)។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុក វ៉ាន់ដេត នៅចំណុចភ្លើងស្តុបផ្លូវព្រះសីហនុ កែងផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងការិយាល័យបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សៅ លីហេង នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) នៅចំណុចទល់មុខធនាគារABA ផ្លូវមុន្នីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី។

លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបន្តថា ជនសង្ស័យសរុបមានទី១-ឈ្មោះ សៅ លីហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្កា ស្នាក់នៅស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងជនសង្ស័យទី២-ឈ្មោះ សុក វ៉ាន់ដេត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីវិធី ៕

 

មតិយោបល់