ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! រកឃើញងៀតបបែល មានសារធាតុគីមី

ស្វាយរៀង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការចូលរួមសហការពីមន្ត្រីពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារចំនួន ១៧គំរូ មកធ្វើតេស្តបឋមរួមមាន៖ បន្លែ ផ្លែឈើ ជ្រក់ ប្រហិត បង្អែម សរសៃគុយទាវ និងនំបុ័ង ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងងៀតបបែលមានផ្ទុកសារធាតុគីមីហាមឃាត់ សរុបចំនួន ១១គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ ទៅរក្សាទុកដុតកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តន៍ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់