ម៉ូតូបុកគោយន្តកន្ត្រៃឈប់នៅលើទ្រូងផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ
បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានបើកក្នុងល្បឿនលឿនសង្ស័យស្រវឹង ជ្រុលបុកគោយន្តកន្ត្រៃឈប់ចតនៅលើចិញ្ចើមផ្លូវពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិសឹង្ហត្បូង ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីនគរបាលស្រុអូរជ្រៅ បានឲ្យដឹងថា ម៉ូតូម៉ាកហុងដា ពណ៌ស ឆ្នាំ២០១៧ (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ គង់ ជាតិ អាយុ២៤ឆ្នាំ ទីលំនៅភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូរជ្រៅ និងអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ កិ វង្ស ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ គោយន្តកន្ត្រៃបើកពីទិសខាងជើងទៅខាងត្បូង ដល់កន្លែងកើតហេតុ បានឈប់នៅលើទ្រូងផ្លូវដោយគ្មានភ្លើងបំភ្លឺជាសញ្ញា ។ ស្របពេលនោះអ្នកបើកម៉ូតូបានបើកស្របទិសគ្នាជ្រុលបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់បែកមុខ និងម៉ូតូចូលក្រោមគោយន្ត ។
ក្រោយកើតហេតុ សមត្ថកិច្ចបានកសាងសំណុំរឿង នាំយកម៉ូតូនិងគោយន្តយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចង្ហា ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ៕
មតិយោបល់