ភ្នំពេញៈ ប្រជាពលរដ្ឋ បានប្រាប់ Post News ថា នៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅហាងការ៉េម ខូលស្តូន (cold stone) ផ្លូវលេខ១២៨ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីជនសង្ស័យ ២នាក់ ធ្វើសកម្មភាពលួចកាច់.កយកម៉ូតូ១គ្រឿង ម៉ាក HONDA Scoopy ស៊េរី០១៤ ស្លាកលេខភ្នំពេញ 1CG-9446 បានសម្រេច ដោយសុវត្ថិភាព។
ជនរងគ្រោះឈ្មោះ ម៉ី ច័ន្ទលីដា ភេទស្រី មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ ១០១ ផ្លូវសុធារស ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលញាំការ៉េម នៅក្នុងហាងខាងលើ លុះពេលចេញមកក្រៅស្រាប់តែបាត់ម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល រួចក៏ទៅសួរនាំម្ចាស់ហាង តែត្រូវបានគេឆ្លើយ មិនទទួលខុសត្រូវនោះទេ ដោយសារហាងពុំមានសន្តិសុខមើលការទ្បើយ។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងភ្លាមៗ នៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី១ ដើម្បីជួយស្វែងរកចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់៖ ក្នុងខណ្ឌទួលគោក មួយរយៈចុងក្រោយនេះ សម្បូរទៅដោយចោរលួចចោរឆក់ ពលរដ្ឋក្នុងមូលដ្ឋាន មានការព្រួយបារម្ភ ពីបញ្ហាសុវត្ថិភាព ជាពិសេសប្រជាពលរដ្ឋ សំណូមពរតាមរយៈសារព័ត៌មាន Post News ដល់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោក ឲ្យជួយទប់ស្កាត់ និងល្បាតក្នុងមូលដ្ឋានជាប្រចាំ កុំទុកដល់តែពលរដ្ឋរិះគន់ ជាក់ស្ដែងដូចជាករណីបាត់ម៉ូតូខាងលើស្រាប់ ជនរងគ្រោះហាក់បីដូចជាគ្មានសង្ឃឹមទៅលើសមត្ថកិច្ច ថាអាចរកឃើញវិញទ្បើយ៕
មតិយោបល់