បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កុមារាកុមារី០២នាក់ អាយុ០៦ឆ្នាំ០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា បានលង់ទឹកស្រះស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទី រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ចំណុចទឹកស្រះខាងក្រោយផ្ទះ របស់ឈ្មោះ ទេស វិត ភេទស្រី អាយុ៦១ឆ្នាំ ដែលក្មេងរស់នៅ ប្រហែល៣០ម៉ែត្រ ស្ថិតនៅភូមិជើងចាប ឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគោកបល្ល័ង្កបានឲ្យដឹងថា កុមាររងគ្រោះទាំង០២នាក់ នៅភូមិជើងចាប ឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ម្នាក់ឈ្មោះ អ៊ីម ហុងអ៊ី ភេទប្រុស អាយុ០៦ឆ្នាំ មានឪពុកឈ្មោះ ខាន់ អ៊ីម អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ សេក ជីញ អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឡម ស្រីនា ភេទស្រី អាយុ០៦ឆ្នាំ មានឪពុកឈ្មោះ វ៉ាយ ធួន អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ សេក សារ៉េន អាយុ៣៦ ឆ្នាំ ។
យោងតាមរបាយការណ៍របស់ នគរបាល បានបញ្ជាក់ថា កុមាររងគ្រោះទាំង០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា ឪពុក ម្តាយពួកគេទាំង០២នាក់ ទៅធ្វើការនៅប្រទេសថៃ ដោយផ្ញើកូនៗ ទុកឲ្យឈ្មោះ ទេស វ៉ីត អាយុ៦១ឆ្នាំ ត្រូវជាយាយនៅភូមិជើងចាប ឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុឈ្មោះ ទេស វ៉ីត ត្រូវជាយាយ រវល់ទៅធ្វើបុណ្យនៅវត្តស្រះភ្លោះ ក្នុងឃុំចំណោម ស្រុកមង្គលបូរី ដោយទុកក្មេងរងគ្រោះទាំង០២នាក់ឲ្យបងៗមើល ប៉ុន្តែដល់ម៉ោងទៅទៅរៀនបងៗទាំង០២នាក់ បានទៅរៀនបាត់ ហើយក្មេងទាំង០២នាក់ បានដើរលេងនៅនឹងផ្ទះ ពេលនោះមានក្មេងប្រុសឈ្មោះ យ៉ាន់ តូតា ភេទប្រុស អាយុ០៦ឆ្នាំ រត់លេងជាមួយគ្នាបានរត់មកប្រាប់ឈ្មោះ ប៊ី មិ ភេទប្រុស អាយុ៥៤ឆ្នាំថា អាអ៊ីនិងមីនាលង់ទឹកស្លាប់ ហើយឈ្មោះ ប៊ី មិ បានរត់ទៅមើលតែក្មេងទាំង០២នាក់ នោះបានលិចបាត់ទៅក្នុងទឹក ហើយពេលនោះគាត់ក៏បានហៅបងប្អូនជិតខាង ចុះរាវរកក៏បានឃើញក្មេងទាំង០២នាក់ រួចបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកកម្ពុជា-ជប៉ុនស្រុកមង្គលបូរី តែជាអកុសលក្មេងទាំង០២នាក់នោះបានស្លាប់បាត់ហើយ ។
នគរបាលបានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានបានបង្កើត គណៈកម្មការពីនិត្យសពមានជំនាញកោសល្យវិច្ច័យស្រុក លោកមេប៉ុស្តិ៍ លោកគ្រូពេទ្យឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានឲ្យដឹងថាក្មេងទាំង០២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ ពុំមានស្លាកស្នាមអ្វីជាអំពើទារុណកម្មនិង ឃាតកម្មឡើយ ។
បច្ចុប្បន្ន សពបានប្រល់ជូនក្រុមគ្រួសារ ឲ្យយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសង្រេងជាពន់ពេក ៕
មតិយោបល់