បន្ទាយមានជ័យៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជម្រុញឲ្យមន្ដ្រីរបស់ខ្លួន ត្រូវមានទប់ស្កាត់ការនាំចូលផលិតផលពីសាច់សត្វ ដែលនាំឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា នារសៀល ថ្ងៃទី២៤ ឧសភា ២០១៦ នៅមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ។
លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានអានរបាយការណ៍ថា វិស័យកសិកម្ម ទូទាំងខេត្ត រួមមាន ដំណាំស្រូវ សម្រេចបានលើកផែនការ១០២,៥១%លើកលែងតែស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ ការចិញ្ចឹមសត្វ មាន់ គោ ក្របី ក្នុងខេត្តបន្ទាយមានជ័យ មានភាពល្អប្រសើរទោះបីជាជួបគ្រោះរាំងស្ងួតក៏ដោយ។
លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ បានលើកឡើងថា ចំពោះវិស័យជលផលសម្រាប់ ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០១៦នេះ ជួបបញ្ហាជាខ្លាំងទិន្នផលត្រីថយ ចុះជាពិសេសដោយមានគ្រោះរាំងស្ងួតធ្វើឲ្យតំបន់អភិរក្សពូជត្រី ជាច្រើនកន្លែងត្រូវរីងទឹកមិនអាចឲ្យត្រីរស់នៅអភិរក្សបន្តទៀតបាន។ ដោយឡែកលោក ជា ផល្លី នាយខណ្ណរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ បានថ្លែងថា ចំពោះវិស័យព្រៃឈើខេត្តបន្ទាយមានជ័យ បានដាំដើមឈើសហការជាមួយ វិស័យឯកជនបាន៤០០ហិកតា។ រដ្ឋបាលព្រៃឈើជួបការលំបាកដោយដីព្រៃឈើនៅសល់សុទ្ធតែមានម្ចាស់គ្រប់គ្រងដែលបន្សល់ដោយអាជ្ញាធរមូលដ្ឋាន(មេឃុំ)។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដាំផ្ញើដល់មន្ត្រី នៃមន្ទីរកសិកម្មថា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលរដ្ឋាភិបាលផ្តល់ឲ្យលោកកំពុងតែគិតគូរ ធ្វើកំណែទម្រង់ លើអ្វីមួយ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យកសិកម្មរីកចម្រើនទៅតាមកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិនិងតំបន់។ ម្យ៉ាងទៀតសូមឲ្យមន្ត្រីរបស់យើងគ្រប់កិច្ចការ ធ្វើយ៉ាងណាកុំគិតតែពីរឿងផ្សព្វផ្សាយលើពូជសត្វ ឬស្រូវត្រូវប្រែក្លាយការដាំដុះពីសួនដំណាំទៅចំការវិញ ដើម្បីបង្កើនជីវភាពកសិករ និងសហគមន៍។ ត្រូវទប់ស្កាត់ឲ្យបាន ការនាំចូលផលិតផល ពីសាច់សត្វ ដែលនាំឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
ជាមួយគ្នានោះលោក វេង សាខុន ក៏បានសរសើរដល់មន្ត្រីរាជការនៃមន្ទីរកសិកម្មដែលបានខិតខំបំពេញភារកិច្ចរក្សាបានការផ្គត់ផ្គង់ ផលិតផលកសិកម្មក្នុងស្រុក៕
មតិយោបល់