ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីចែកចាយនូវសារធាតុញៀន

ភ្នំពេញ: នៅរសៀលថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី នាងឧត្ដមនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ត្រពាំងក្រសាំង បានដឹកនាំកម្លាំងចេញល្បាតពួនស្ទាក់ ដើម្បីបង្ការនិងបង្ក្រាបបទល្មើសឆក់ ប្លន់ លួច គ្រឿងញៀន នឹងបទល្មើសនានា ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាល បានប្រទះឃើញជនសង្ស័យចំនួន០២នាក់៖ ទី១-ឈ្មោះ មុត សុខសាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ទី២-ឈ្មោះ លី បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងសង្ស័យខាងលើ កំពុងតែចែកចាយសារធាតុញៀន ស្ថិតនៅភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅសក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន០២ កញ្ចប់ធំល្មម និងចំនួន០៨កញ្ចប់ថង់តូច ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កសាងសំណុំរឿង បញ្ជូនទៅកាន់ផ្នែកជំនាញ ដើម្បីចាត់ការបន្ត ៕

មតិយោបល់