ព័ត៌មានជាតិ

បិទការដ្ឋានស្តារបឹងពារាំងបណ្តោះអាសន្ន បន្ទាប់ពីក្រុមហ៊ុន​ចំនួន​២​បង្ក​ហិង្សា​ដាក់គ្នា

កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​រដ្ឋបាល​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ បាន​ចុះ​បិទ​ការដ្ឋាន​ជីកដី​ចំនួន​២ ដែល​បានទទួល​ការអនុញ្ញាត​ឲ្យ​ជីក​ស្តា​របឹង​ពារាំង​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​បឹង​ពារាំង ស្ថិតក្នុង​សង្កាត់​ជ្រាវ ក្រោយពី​ម្ចាស់​ការដ្ឋាន​ទាំង​២​នេះបាន​ផ្ទុះ​អំពើហិង្សា​ដាក់គ្នា​ទៅវិញទៅមក​បង្ក​ជា​របួសស្នាម​។​

លោក ហាប់ ដា ប្រធាន​សហគមន៍​ចុង​ឃ្នៀ​ស បាន​ឲ្យ​ដឹងថា លោក​ត្រូវបាន​លោក​ សាន្ត រដ្ឋ​ស៊ី​ង ជា​ម្ចាស់​គ្រឿងចក្រ និង​ក្រុមហ៊ុន​ជីកដីវាយ​ចំនួន​២​ដៃ​ និង​ប្រមាថ​ដល់​អាយុជីវិត​គាត់​ថែមទៀត​។ ​លោក​បន្តថា ចំពោះ​ករណីនេះ​លោក​បាន​ប្តឹងទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​រក​យុត្តិធម៌ដោយ​ទាមទា​សំណង​ជំងឺ​ចិត្ត​ចំនួន​២​ម៉ឺន​ដុល្លារ​ និង​ស្នើ​ឲ្យ​សមត្ថ​កិច្ចចាត់ការ​ទៅលើ​ជនបង្ក​តាមផ្លូវច្បាប់​។​ ចំណែក​ភាគី​ខាង​លោក​ សាន្ត រដ្ឋ​ស៊ី​ង បាន​បដិសេធថា លោក​មិនបាន​វាយ​លោក​ ​ហាប់ ដា ប្រធាន​សហគមន៍​ចុង​ឃ្នៀ​ស​នោះទេ​។​

ពាក់ព័ន្ធ​​ករណី​នេះដែរ​ លោក ហាយ យ៉ង់ តំណាង​រដ្ឋបាល​ក្រុង​សៀមរាប ដែល​ដឹកនាំ​កម្លាំង​ចុះ​បិទ​ការដ្ឋាន​នេះ បាន​ឲ្យ​ដឹងថា ការបិទ​ការដ្ឋាន​ជីករណ្តៅ​ដី​ក្នុង​បឹង​ពារាំង​ទាំងពីរ​កន្លែង​នេះ គឺ​ធ្វើ​ទៅតាម​បញ្ជា​ថ្នាក់លើ​។ លោក​បន្តថា ក្រុមហ៊ុន​ជីកដី​ទី​១ គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហគមន៍​បឹង​ពារាំង ដែលមាន​ឈ្មោះ សាន្ត រដ្ឋ​ស៊ី​ង ជា​ម្ចាស់​គ្រឿងចក្រ និង​ក្រុមហ៊ុន​ជីកដី​ទី​២ គឺ​ស្ថិតក្រោម​គ្រប់គ្រង​របស់​សហគមន៍​នេសាទ​ចុង​ឃ្នៀ​ស ដែលមាន​ឈ្មោះ ហាប់ ដា ជា​ម្ចាស់​គ្រឿងចក្រ ហើយ​ការឈាន​ទៅដល់​បិទ​ការដ្ឋាន​នេះ ដោយ​មូលហេតុ​ក្រុមហ៊ុន​ជីកដី​ទាំងពីរ ធ្វើ​ការមិន​សហការគ្នា បង្ក​ភាពអនាធិបតេយ្យ ដឹកជញ្ជូន​ដី​មិនបាន​បាញ់​ទឹក​តាមផ្លូវ ដែល​បង្ក​ឲ្យ​មានការ​ហុយ​ដីធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋហើយ​ឈានដល់​ការប្រើ​ហិង្សា​បង្ក​ជា​របួសស្នាម​។​

លោក ​ហាយ យ៉ង់ បន្ថែមថា​ ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន​ខាងលើត្រូវបំពេញ​កាតព្វកិច្ច​របស់ខ្លួន ប៉ុន្តែ​ពួកគេ​បំពាន​កិច្ចសន្យាហើយ​បង្ក​ជា​របួសស្នាម​ថែមទៀត ហេតុនេះហើយ​ទើប​ថ្នាក់លើ​សម្រេច​បិទ​អាជីវកម្ម​បែបនេះ ហើយ​ការបិទ​ការដ្ឋាន​ជីកដី​ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​បឹង​ពារាំង​នេះ គឺ​មិនមាន​ថ្ងៃ​កំណត់​ឡើយ ប្រសិនបើ​គ្មាន​បញ្ជា​ពី​ថ្នាក់លើ​។​ លោក ហាយ យ៉ង់ បន្តថា ចំពោះ​រឿង​បង្ក​បួស​ស្នាម​នោះជា​បទល្មើស​ព្រហ្មទណ្ឌ ដូច្នេះ​ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​អនុវត្តតាម​និតិ​វិធី ។​

គួរ​បញ្ជាក់ថា បឹង​ពារាំង​ជា​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ដ៏​សំខាន់​មួយ​ក្នុង​ខេត្តសៀមរាប ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​ការជីក​ស្តារ​ដើម្បី​រក្សា​ទឹក​សម្រាប់​សង្គ្រោះ​ត្រី និង​សត្វ​ស្លាប​នា​រដូវប្រាំងព្រោះ​ទីនោះ​ក៏មាន​ភ្ញៀវ​ទេសចរណ៍​និយម​ចូលចិត្ត​ទៅ​ទស្សនា​ផងដែរ​៕

មតិយោបល់