បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះ០១ខ្នង និងជង្រុកស្រូវ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុក បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហើយ ហឿន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទៅធ្វើការនៅប្រទេសថៃទាំង២នាក់ប្តី-ប្រពន្ធ ដោយទុកផ្ទះឲ្យកូនប្រុសឈ្មោះ ភា សុខផន អាយុ១៥ឆ្នាំ នៅចាំផ្ទះម្នាក់ឯង ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុឈ្មោះ ភា សុខផន ទៅរៀននៅអនុវិទ្យាល័យតាយឹងព្រៃវែង ដោយដោតកង្ហារ និងឆ្នាំងសាកទូរស័ព្ទ ទុកនឹងព្រីភ្លើងចោល មិនបានដកចេញ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះទាំងស្រុងទំហំ ៦ម៉ែត្រ×៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី និងបានឆេះឆ្លងរាលដាលជង្រុកស្រូវ០១ខ្នងឆេះទាំងស្រុងទំហំ៤ម៉ែត្រ×៣ម៉ែត្រ ។ ឈើដែលទុកនៅក្រោមផ្ទះចំនួន:០៣ម៉ែត្រគីប និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង ។
នគរបាលបានបញ្ជាក់ថា ក្រោយកើតមានហេតុការណ៍នោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក រួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង បានចេញប្រតិបត្តិការអន្តរាគមន៍ ដើម្បីជួយពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន មិនបណ្ដាលឲ្យឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ និងមិនធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ៕





មតិយោបល់