ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបែនដឹកថ្ម សង្ស័យបើកលឿនជ្រុលរួចវាក់អឺមានរថយន្តនៅខាងមុខ បើកឆ្លងកាត់ទទឹងផ្លូវបួងចង្កូតគេចហ្រ្វាំងមិនជាប់ បណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់ថ្មពេញផ្លូវ សំណាងមិនបង្កឲ្យមានអ្នករងរបួសគ្រាន់តែរងការខូចខាតតែសម្ភារ: បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តបែនដឹកថ្មខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 3D-0268 ដែលធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿនគួរសម រហូតមកដល់ចំណុចកើតហេតុមានរថយន្តបើកឆ្លងផ្លូវពីជើងទៅត្បូងផង ក៏វាក់អឺហ្រ្វាំងមិនជាប់ និងខំបួងចង្កូតគេចឡើងមកទិសដៅបញ្រ្ចាស់ និងបួងចង្កូតចូលគន្លងវិញ ស្រាប់តែក្រឡាប់ផ្ងារជើងចាក់ថ្មពេញផ្លូវ តែសំណាងមិនបង្កឲ្យប៉ះពាល់ និងរងរបួសដល់អ្នកធ្វើដំណើរ និងអ្នកបើកបរឡើយ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកន្លែងកើតហេតុ ដោយមិនប៉ះពាល់ដល់អ្នកដ៏ទៃ ទើបសមត្ថកិច្ចស្វែងរកអ្នកបើកបរឲ្យស្ទូចយកទៅជួសជុល ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍៕
មតិយោបល់