ភ្នំពេញៈ នៅវេលាម៉ោង១១និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តឡុចស៊ីស RX330 មួយគ្រឿង យ៉ាងលឿនជ្រុលបុកម៉ូតូស៊ុយស័រគីនិច មួយគ្រឿងកំពុងឈប់ស្តុប នៅក្បែរមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយរថយន្តបង្កបន្ថែមល្បឿន បើកគេចខ្លួនទៅបុកម៉ូតូកង់បី០២គ្រឿងទៀត នៅមុខស្ថានីយប្រេងឥន្ធនៈតេលា បណ្តាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវហាណូយ កែងផ្លូវ១៩៧០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស័រគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GX-6901 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ម៉ូតូនោះក៏បានឈប់រង់ចាំស្តុបចរាចរណ៍ ខណៈពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ 2BL-6747 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ តាមពីក្រោយម៉ូតូស្របទិសដៅគ្នា និងក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូចំពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូរងការខូចខាតបែកកង់ខាងក្រោយ និងអ្នកបើកបរម៉ូតូរងរបួសស្រាល ពេលនោះរថយន្តព្យាយាមបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ទាំងបែកកង់ខាងមុខចំហៀងខាងឆ្វេង ។
ភ្លាមនោះជនរងគ្រោះ ក៏បានបើកម៉ូតូជិះដេញតាមពីក្រោយរថយន្ត រហូតដល់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតេលា រថយន្តនោះក៏បានជ្រុលទៅបុកម៉ូតូកង់បីចំនួន០២គ្រឿង ទើបតែបើកចេញពីស្ថានីយប្រេងឥន្ធនៈតេលា បណ្តាលឲ្យម៉ូតូកង់បីទាំងពីរគ្រឿងនោះ រងការខូចខាតបន្តិចបន្តួច ។ ចំណែកឯរថយន្តបង្កត្រូវបានសមត្ថកិច្ច ធ្វើការស្ទាក់ចាប់បានទៅមុខលែង ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង ។
ក្រោយពេលកើតហេតុ ក៏មានតំណាងខាងរថយន្ត បានចេញមុខមកធ្វើការដោះស្រាល ជាមួយនឹងភាគីទាំងសងខាង ដោយបានចេញសំណងចំនួន១០០ដុល្លារ ឲ្យទៅម៉ូតូកង់បីទាំងពីរគ្រឿងនិងចេញសំណងចំនួន៧៥០ដុល្លារឲ្យម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់