ព័ត៌មានជាតិ

រថយន្តបែនដឹកថ្មបើកឆ្លងផ្លូវបុកជាមួយតាកូមា បើកស្របទិស បណ្តាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបែនដឹកថ្មធន់ធំ បានបើកឆ្លងផ្លូវបណ្តាលឲ្យជ្រុលទៅបុកជាមួយរថយន្តតាកូមា រងការខូចខាតទាំងសងខាង ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តតាកូមា ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-1361 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបែនដឹកថ្មមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1524 បើកឆ្លងផ្លូវពីជើងត្បូងក៏ជ្រុលមកបុកគ្នាយ៉ាងពេញទំហឹងរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការគូសវាសយកដាក់ខាង ដើម្បីឲ្យភាគីទាំងពីធ្វើការសម្របសម្រួលមួយជំហានសិន៕

មតិយោបល់