ព័ត៌មានជាតិ

Update៖ រថយន្តសណ្ដោងរ៉ឺម៉កក្រុមហ៊ុនដឹកជញ្ជូន LMH បុកម៉ូតូពីក្រោយ បណ្ដាលឲ្យនិស្សិតម្នាក់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក បើកលឿនដូចហោះបុកម៉ូតូពីក្រោយរួចកិន បណ្ដាលឲ្យនិស្សិតម្នាក់របួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ប៉ុន្តែជាអកុសលបានស្លាប់បាត់បង់ជីវិត។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅលើមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខ្លោងទ្វារវត្តភ្នៀតសិម្ពលី ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវនិស្សិតដែលស្លាប់ខាងលើឈ្មោះ ជៀវ ចាន់មេសា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយឡែករថយន្តបង្កម៉ាកហ៊ីណូ ពណ៌ស លាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-0135 ជារថយន្តក្រុមហ៊ុនដឹកជញ្ជូន LMH បើកបរដោយបុរសម្នាក់ពុំស្គាល់ឈ្មោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពត 1R-0834 ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តបង្កខាងលើ បើកលឿនក្នុងទិសដៅស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុគេបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែជាអកុសលបានស្លាប់បាត់បង់ជីវិត។ បន្ទាប់មកនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យជាក់ស្ដែង រួចរាយការណ៍ទៅកាន់នគរបាល ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង នាំយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់