ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា លោកយាយអាយុ៨០ឆ្នាំម្នាក់ ដើរលើចិញ្ចើមផ្លូវជាតិលេខ៥ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ករណីនេះនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៩–២០០ ស្ថិតក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៩និង១៥នាទី ថ្ងៃអង្គារ៍ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកយាយ បានដើរលើចិញ្ចើមផ្លូវក្នុងទិសដៅពីរលិចទៅកើត មួយសន្ទុះក្រោយក៏មានរថយន្តមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន បើកបរក្នុងទិសពីលិចទៅកើតបានបុកលោកយាយកំពុងដើរ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចក៏បន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ក្រោយឃើញហេតុការណ៍បែបនេះប្រភពបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ ញ៉ែម ផៃ ភេទស្រី អាយុ៨០ឆ្នាំ មានទីលំនៅក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំពោះរថយន្តបង្ក និងអ្នកបើកបរ សមត្ថកិច្ចកំពុងខិតខំស្រាវជ្រាវស្វែងរក ឲ្យចូលខ្លួនដោះស្រាយ និងចាត់ការតាមនីតិវិធី ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ៕


មតិយោបល់