ព័ត៌មានជាតិ

ករណីហិង្សា! ប្ដីវាយប្រពន្ធជាច្រើនដៃ បណ្តាលឲ្យហើមមុខនឹងខៀវភ្នែករបួសធ្ងន់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៤និង០០នាទីល្ងាច មានករណីហិង្សាប្ដីវាយមកលើប្រពន្ធចំផ្ទៃមុខ និងចំភ្នែកទាំងសងខាងជាច្រើនដៃ បណ្តាលឲ្យហើមមុខនឹងខៀវភ្នែក (រងរបួសធ្ងន់) នៅចំណុចថ្មបីដុំ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ករណីហិង្សានេះបង្កឡើងដោយឈ្មោះ ជា មករា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានវាយមកលើប្រពន្ធឈ្មោះ នៅ អៀប ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បានវាយប្រពន្ធចំផ្ទៃមុខនឹងចំភ្នែកទាំងសងខាងជាច្រើនដៃ បណ្តាលឲ្យហើមមុខនឹងខៀវភ្នែក (រងរបួសធ្ងន់) លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទីព្រឹក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅផ្ទះរបស់ខ្លួន បញ្ជូនមកអធិការដ្ឋានដើម្បីសួរនាំ ។

របាយការណ៍បានបន្តទៀតថា ករណីហិង្សានេះ បណ្ដាលមកពីមូលហេតុប្ដីខឹងប្រពន្ធស្រវឹងស្រា ហើយវាយកូនខ្លួនខឹងក៏វាយទៅលើប្រពន្ធតែម្ដង បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់