ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អគ្គិភ័យបានឆេះផ្ទះមួយកន្លែង និងបានបំផ្លាញសម្ភារៈអស់មួយចំនួន ក្នុងនោះ បណ្តាលមកពីការអុជធូបសែន បានបង្កជាអគ្គិភ័យឆាបឆេះតែម្តង។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ៨១ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរលត់ទៅវិញហើយ ក្រោយមានការជួយសង្គ្រោះពីកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការអន្តរាគមន៍សង្គ្រោះនេះ គឺកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រ និងរថយន្តជំនួយមកពីកាណាឌីយ៉ា ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក ។
លោកស្នងការរងបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ ផ្ទះថ្មបេតុង ទំហំ (៤ម៉ែត្រ × ១៧ម៉ែត្រ) ឆេះខូចខាតបំពង់ទឹកក្តៅ ៦០កេះ, ធុងបារី ១០ និងសម្ភារៈផ្សេងៗមួយចំនួន និងពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកជិតខាងឡើយ ។
យ៉ាងណាមិញសម្រាប់ប្រតិបត្តិការនេះ ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបាននៅវេលាម៉ោង ១២និង២៥នាទីថ្ងៃត្រង់នាថ្ងៃខែដដែល ។ ចំពោះមូលហេតុការដែលនាំឲ្យមានអគ្គិភ័យនេះ គឺបណ្តាលមកពីការការអុជធូបសែនបង្កជាអគ្គិភ័យ ៕





មតិយោបល់