ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់ទូរស័ព្ទ

តាកែវ: នៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ៣០ នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) នៅត្រង់ចំណុចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ុត សុខហេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកគយ ឃុំព្រែករុន ស្រុកស្អាង ខេត្តកណ្ដាល បានជិះម៉ូតូធុន សង់ប៊ិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BH-6283 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ យឹម ស្រីនីប ភេទស្រី អាយុ ១៧ឆ្នាំ ក្នុងខណ:ពេលដែលជនរងគ្រោះ ដាក់ទូរស័ព្ទដៃរបស់ខ្លួន ម៉ាកវីវ៉ូ ពណ៌ខ្មៅទុកក្នុងហោប៉ៅម៉ូតូធុនប៊ីត ពេលធ្វើដំណើរដល់ចំណុចខាងលើ ក៏ជនសង្ស័យបានធ្វើសកម្មភាពឆក់តែម្ដង រួចជិះម៉ូតូគេចខ្លួន ក៏ជនរងគ្រោះស្រែកថាចោរៗ និង ដេញតាមក្រោយ បន្ទាប់ពីទទួលបានពត៌មាន ភ្លាមៗ កម្លាំងសមត្ថកិច្ច ធ្វេីការពួនស្ទាក់គ្រប់ច្រកល្ហង រហូតឃាត់ខ្លួនបានជនសង្ស័យតែម្ដង ។

ដោយមានការចង្អុលបង្ហាញ ពី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ យើងបាននាំខ្លួនជនសង្ស័យ និងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ។ ដោយមានការអនុញ្ញាត ពី ស្នងការនគរបាលខេត្តតាកែវ និង ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ យើងបានប្រគល់ទូរស័ព្ទដៃ ឲ្យជនរងគ្រោះ ដើម្បីយកទៅប្រើប្រាស់វិញ ៕

 

មតិយោបល់