បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល១៨និង៥០នាទី នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ដែលករណីនេះបានបង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ុន សៅ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យកចបជីកវាយទៅលើជនរងគ្រោះឈ្មោះ ធុយ ហុកលី ហៅ ម៉ាប់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ តែមិនបណ្តាលឱ្យរបួសឡើយ (គេចផុត) តែបានបណ្តាលឱ្យខូចខាតម៉ូតូរបស់ជនរងគ្រោះ ។
ភ្លាមៗជនរងគ្រោះ បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក ដែលមានលោកវរសេនីយ៍ទោ ហេង បារាំង ជាអធិការនគរបាលស្រុក និងអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ សមត្ថកិច្ចនគតបាលស្រុកបាននាំខ្លួនជនសង័្សយខាងលើមកធ្វើការសាកសួរ និងដកហូតវត្ថុតាងមានចបជីកនិងកាំបិត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាព នូវសកម្មភាពរបស់ខ្លួន ហើយពេលនេះនគរបាលស្រុក បានរៀបចំសំណុំរឿង ដើម្បីបញ្ជូនមកការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់