ព័ត៌មានជាតិ

ជនជាតិវៀតណាម ជិះម៉ូតូកង់បីឲ្យប្រាក់មិនគ្រប់ ដកកាំភ្លើងបាញ់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ: នៅវេលាម៉ោងប្រមាណ៩និង៤០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ មានជនជាតិវៀតណាមប្រុសស្រី០៤នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីឈ្លោះប្រកែកជាមួយអ្នករត់ម៉ូតូកង់បី និងឈានដល់ការដកកាំភ្លើងបាញ់មួយគ្រាប់ ដោយសារតែរឿងជិះម៉ូតូកង់បីឲ្យលុយមិនគ្រប់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូកង់បីមួយគ្រឿងម៉ាកបាចា ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1GW-4921 ពេលបើកមកដល់ចំណុចកើតហេតុ បុរសជនជាតិវៀតណាមពីរនាក់បានហៅម៉ូតូកង់បីជិះបំណង់ទៅបេនឡានអូរឫស្សី ដើម្បីទៅយកមិត្តភក្ដិម្នាក់ទៀត ពេលនោះជនរងគ្រោះ បានយកថ្លៃដឹកទៅមកចំនួន៦ម៉ឺនរៀល រួចជនរងគ្រោះបានដឹកជនជាតិ វៀតណាមទាំងពីរនោះទៅបេនឡានអូរឫស្សី ។

បន្ទាប់មកបានឲ្យជនរងគ្រោះដឹកពួកគេទៅឃ្មួញបន្តទៀត ទៅដល់អង្គុយចាំអស់ពេលជិតមួយម៉ោង ពួកគេទាំងបីនាក់ ក៏បានឲ្យជនរងគ្រោះ ដឹកត្រឡប់ទៅចំណុចកើតហេតុវិញ ។

លុះពេលដឹកត្រឡប់ដល់ចំណុចកើតហេតុ ជនជាតិវៀតណាមទាំងបីនាក់នោះ បានឲ្យលុយជនរងគ្រោះ តែ៤ម៉ឺនរៀល ពេលនោះជនរងគ្រោះ បានសូមថែម២ម៉ឺនរៀលទៀត ប៉ុន្តែជនជាតិវៀតណាមទាំងនោះមិនឲ្យនោះទេថែមទាំងមាន ជនជាតិវៀតណាម ម្នាក់ បានយកដំបងទៅវាយម៉ូតូកង់បីជនរងគ្រោះ បណ្ដាលឲ្យបែកកញ្ចក់មើលក្រោយចំហៀងខាងឆ្វេង ហើយជនរងគ្រោះបានបើកម៉ូតូកង់បីគេចចេញពីកន្លែងកើតហេតុ និងបានទំនាក់ទំនងហៅគ្នីគ្នាជាអ្នករត់ម៉ូតូកង់បី៦ទៅ៧នាក់ រួចបាននាំគ្នាត្រឡប់ទៅចំណុចកើតហេតុវិញ ។

ពេលត្រឡប់ទៅដល់ចំណុចកើតហេតុវិញ ស្រាប់តែមានជនជាតិវៀតណាមប្រុសស្រីជាង១០នាក់ បានចេញមកពីខាងក្នុងហាង ពេលនោះមានជនជាតិវៀតណាមម្នាក់ បានដកកាំភ្លើងមួយដើមមិនស្គាល់ម៉ាក បាញ់សំដៅម៉ូតូកង់បីជនរងគ្រោះចំនួនមួយគ្រាប់ តែបាញ់មិនត្រូវព្រោះជនរងគ្រោះជិះគេចខ្លួនទាន់ពេលវេលា ។

បន្ទាប់មកជនជាតិវៀតណាមជាខ្មាន់កាំភ្លើង ក៏បាននាំគ្នីគ្នាប៉ុន្មាននាក់ឡើងជិះរថយន្ដមួយគ្រឿងមិនចាំម៉ាកចេញ ពីកន្លែងកើតហេតុ បាត់ស្រមោល និងគ្នីគ្នាប៉ុន្មានអ្នកទៀតបាននាំគ្នាចូលទៅសម្ងំក្នុងហាងបាត់ស្រមោលដោយបន្សល់ទុកស្រោមកាំភ្លើង មួយនៅចំណុចកើតហេតុ ។ ករណីនេះក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ ។ បន្ទាប់ពីកើតហេតុក៏មានជនជាតិវៀតណាមចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់បាននាំគ្នា ចេញពីក្នុងហាងនោះតាមទ្វារក្រោយ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ ។

បច្ចុប្បន្ន ជនជាតិវៀតណាមប្រុសស្រីទាំងបួននាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់