ព័ត៌មានជាតិ

ខឹងឪពុកចុងនិងម្តាយបង្កើតស្ដីប្រដៅ រឿងដើរលេងដាច់យប់ ស្រាប់តែវាយឡើងទ្រមខ្លួនទាំងពីរនាក់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសចូលចិត្តដើរលេងដាច់យប់ម្នាក់ ត្រូវបាននគរបាលស្រុកក្រគរឃាត់ខ្លួន យកមកកាន់អធិការរដ្ឋាន បន្ទាប់ពីប្រើហិង្សាវាយឪពុកចុងនិងម្ដាយបង្កើតអោយទ្រមខ្លួន ខណៈដែលមកពីដើរលេងពួកគាត់ស្ដីប្រដៅ ។

ហេតុការណ៍ហិង្សានេះ បានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១ ខែឧសភា​ ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ ។

បើតាមផ្នែកជំនាញកិច្ចការនេះ នៃអធិការដ្ឋាននគរបាលស្រុកក្រគរប្រាប់ឲ្យដឹងថា ជនដែលប្រើហិង្សាឈ្មោះ តាំ លាស់​ ភេទ​ប្រុស​ អាយុ​ ២៧ ឆ្នាំ ជនរងគ្រោះ​ឈ្មោះ​ លី​ សិច​ អាយុ ៥៣ ឆ្នាំ ត្រូវជាឪពុកចុង ព្រមទាំងជនរងគ្រោះម្ដាយបង្កើតម្នាក់ទៀត​ ទាំងអស់គ្នានៅក្នុងបន្ទុកគ្រួសារតែមួយនៅភូមិ-ឃុំកើតហេតុខាងលើ ។

ផ្នែកនគរបាលជំនាញដដែលបានបន្តថា បើតាមចម្លើយជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ ដែលមុខសញ្ញាប្រើហិង្សាមកលើពួកគាត់បានរៀបរាប់ថា ជារៀងរាល់យប់កូនរបស់ពួក
គាត់បានដើរលេងរាល់យប់ហើយជិតភ្លឺ និងពេលខ្លះដាច់យប់ក៏មាន ។ លុះពួកគាត់ទ្រាំមិនបាន ពេលគេមកពីដើរលេង ក៏បានស្ដីប្រដៅកូនថា អត់គិតដេកយប់ទេអី បើពិបាកពេកទិញថ្នាំពុលលេបសម្លាប់ខ្លួនតែម្ដងទៅ ភ្លាមនោះកូនរបស់គាត់នោះ បានស្ទុះមកវាយពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ បណ្ដាលអោយទ្រមខ្លួនតែម្ដង ។

មន្រ្តីជំនាញដដែលបន្ថែមថា បើតាមជនសង្ស័យដែលបានប្រើហិង្សាដាក់ម្ដាយបង្កើតនិងឪពុកចុងនោះ គឺរូបគេពិតជាបានវាយមែនដោយសារខឹងឪពុក ថាឲ្យខ្លួនទៅទិញថ្នាំពុលលេបសម្លាប់ ហើយវាយគេមុន១ដៃ ក៏ទ្រាំមិនបានវាយអ្នកទាំងពីរទៅ ហើយករណីហិង្សាគ្រួសារនេះ​ លោកព្រះរាជអាជ្ញាខេត្ត បានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ​និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញបែបបទតាមនីតិវិធីបន្ត៕

មតិយោបល់