ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិចច្ចឃាត់ខ្លួន ករណីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប

កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់អោយកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឆែម ចាន់ឌី ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះ ទូច សុផានិត ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។

សម្ភារៈបាត់បង់៖ កាបូបដៃម៉ាក GG ពណ៌ប្រផេះរូបតុក្តា ក្នុងនោះមាន លុយរៀលចំនួន ៧០០០០រៀល ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប្រាក់ ដាក់ស្រោមពណ៌លឿង និងប័ណ្ណចាក់វ៉ាក់សាំងចំនួន០២សន្លឹក និងប័ណ្ណសមាជិក ប.ស.ស ចំនួន០១សន្លឹក (ជារបស់ជនរងគ្រោះ យកបានមកវិញ)។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ លេខតួ5963189 និងលេខម៉ាស៊ីន5963189 ពាក់ផ្លាកលេខ ភ្នំពេញ 1IR-4129 និងកាបូបស្ពាយចំហៀងពណ៌ទឹកប៊ិចចាស់ចំនួន០១ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព), កាបូបដៃម៉ាកGG ពណ៌ប្រផេះរូបតុក្តា ក្នុងនោះមានលុយរៀលចំនួន ៧០០០០រៀល ទូរស័ព្ទដៃម៉ាក OPPO ពណ៌ទឹកប្រាក់ ដាក់ស្រោមពណ៌លឿង និងប័ណ្ណចាក់វ៉ាក់សាំងចំនួន០២សន្លឹក និងប័ណ្ណសមាជិក ប.ស.ស ចំនួន០១សន្លឹក។

យោងតាមរបាយការណ៍នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពីពណ៌ស ដោយដាក់កាបូបក្នុងឃ្លុបម៉ូតូខាងមុខ ជិះពីទិសខាងលិចទៅទិសខាងកើត តាមបណ្ដោយផ្លូវជាតិលេខ៤ ពេលជិះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានជិះម៉ូតូតាមមកពីក្រោយ ហើយឆក់យកកាបូបរួចជិះគេចខ្លួនតែម្ដង ក្រោយមកជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកថាចោរៗ រហូតដល់ចំណុចតារាងបាលទះក្នុងភូមិចំការជោរ ឃុំពើក ស្រុកអង្គស្នួល ទើបត្រូវបានប្រជាពលរដ្ឋជួយស្ទាក់ នឹងឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបានតែម្ដង។
ក្រោយមកទើបកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានក៏ចុះទៅដល់កន្លែង ហើយនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំតាមនីតិវិធីច្បាប់។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់យកកាបូបរបស់ជនរងគ្រោះពិតមែន។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់