ព័ត៌មានជាតិ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងស្តុកម៉ាស់ រកឃើញ២កន្លែងអត់ច្បាប់

ភ្នំពេញៈ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមករសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ឆែកឆេរ ទីតាំងស្តុកបរិក្ខាពេទ្យ មានម៉ាស់ ខោអាវ ពេទ្យ ការពារមេរោគ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅផ្ទះល្វែងចំនួន៣ ហើយរកឃើញ២ទីតាំងដែលនាំចូលអត់ច្បាប់ និង១ទីតាំងទៀត មានច្បាប់ នាំចូលសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបុរីអាកាសចរ មុខព្រលានយន្តហោះពោធិ៍ចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ក្នុងប្រតិត្តការណ៍ខាងលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមបញ្ជា ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ គ្រូពេទ្យជំនាញ ក្រសួងសុខាភិបាល ចុះពិនិត្យ ទីតាំងស្តុកឥវ៉ាន់ បរិក្ខាពេទ្យខាងលើ ឃើញថា ,ផ្ទះលេខដេ៦៦ ,ផ្ទះលេខសេ១៧ នាំចូលម៉ាស អត់ច្បាប់ អត់ប្រភព ផលិតឡើងអំពីក្រដាស ធ្វើម៉ាស់ ដែលគ្មានគុណភាព ចំណែក ផ្ទះលេខ៥៦ប៊ី ម៉ាស់នាំចូលមកមានច្បាប់ មានឯកសារត្រឹមត្រូវ ដែលជនជាតិចិននាំចូលដោយគ្មានការអនុញាតិ ។

តែទោះជាយ៉ាងណាក្តី តាមរយៈអ្នកបកប្រែ ស្ត្រីជនជាតិចិន២នាក់ ជាម្ចាស់ផ្ទះទី១និងទី២ អះអាងថា គាត់នាំចូលមានច្បាប់ មានឯកសារ ក៏ប៉ុន្តែ បានត្រឹមតែថា ដល់សមត្ថកិច្ចសាកសួរនិងឲ្យយកមកបង្ហាញ អត់មាន ទើបសង្ស័យថាផលិតផលក្លែងក្លាយ នាំចូលអត់ច្បាប់ ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រុញឲ្យសមត្ថកិច្ចសមត្ថកិច្ច សហការជាមួយ ក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវ បង្ក្រាប ទប់ស្កាត់ឲ្យបាន រាល់ផលិតផល បរិក្ខា ទាំងឡាយណា ដែលនាំចូលគ្មានច្បាប់ យកមកលក់ បន្លំ ក្លែងព័ត៌មាន ការពារ ប្រឆាំងជម្ងឺឆ្លងកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងទី១ រកឃើញម៉ាស់ចំនួន៥០កេស ទីតាំងទី២ រកឃើញម៉ាស់ចំនួន៥០កេស ទីតាំងទី៣ មានច្បាប់ ឯកសារត្រឹមត្រូវនោះ ចំនួន៨៩កេស ។

ក្រោយពីត្រួតពិនិត្យទាំង៣ទីតាំងរកឃើញសុទ្ធតែម៉ាស់ផលិតចេញពីក្រដាស ទាំង២ផ្ទះ ស្មើនឹង១០០កេស ហើយដកហូត ដឹកយកទៅរក្សាទុកនៅក្រសួងមហាផ្ទៃ និងនាំខ្លួនស្ត្រីជនជាតិចិន២នាក់ ទៅសាកសួរផងដែរ ។ ចំណែកឯម៉ាស់៨៩កេសទៀត ដែលមានច្បាប់ ខាងគណកម្មាការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជាអ្នកគ្រប់គ្រង ៕

 

មតិយោបល់