ព័ត៌មានជាតិ

សង្ស័យមន្រ្តីយោធាម្នាក់ បើករថយន្តស្លាកលេខខេមរភូមិន្ទ បុកឡានប្រមូលសំរាមពេញទំហឹង បណ្តាលឲ្យកម្មករ២នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់សង្ស័យជាមន្រ្តីយោធា បានបើករថយន្តមួយគ្រឿងម៉ាក Jeep ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយ ឡានឈប់ប្រមូលសំរាម មួយគ្រឿងពេញទំហឹង បណ្តាលឲ្យកម្មករ២នាក់រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្បែរស្ពានដែកចម្ការដូង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Jeep មួយគ្រឿង ពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខេមរភូមិន្ទ 01-2-5881 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ បើកបរក្នុងល្បឿនលឿន ។ លុះពេលបើកបរ មកដល់ត្រង់ចំណុចកន្លែងកើតហេតុ បានជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងកំពុងឈប់ប្រមូលសំរាម ពេញទំហឹងបណ្តាលឲ្យ រងរបួសធ្ងន់កម្មករចំនួន០២នាក់ ។ ភ្លាមៗនោះ ជនរងគ្រោះទាំងពីរនាក់នោះត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ផងដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើលដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់