ព័ត៌មានជាតិ

រថយន្តLexusបុកម៉ូតូឌ្រីមសង់ពីរគ្រឿង អូសមនុស្សប្រហែលមួយគីឡូម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញៈ នាវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្តLexus ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AM-4404 បុកម៉ូតូឌ្រីមសង់ពីរគ្រឿងពេញទំហឹង អូសមនុស្សប្រហែលមួយគីឡូម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០២នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញយុវជនចំនួន០៣នាក់ ជិះម៉ូតូឌ្រីមសង់ពីរគ្រឿង ដោយធ្វើដំណើរតាមបណ្តោយផ្លូវវេង ស្រេង ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកLexus​ មួយគ្រឿង បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់បុកម៉ូតូទាំងពីរគ្រឿងនោះពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសស្រាលនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ ទៀត ត្រូវរថយន្តអូសប្រហែលមួយគីឡូម៉ែត្រ រងរបួសធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ។ រីឯរថយន្តបង្កហេតុ នោះ ម្ចាស់បានបើកទៅឈប់នៅក្នុងបុរីមួយកន្លែង ហើយតៃកុងគេចខ្លួនបាត់ស្រមោលតែម្តង ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងធ្វើកំណត់ហេតុ នឹងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តបង្កហេតុ ដើម្បីឲ្យចូលខ្លួនដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា កម្លាំងសមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ហើយទាំងនេះគ្រាន់តែជាព័ត៌មា​នបឋម តែប៉ុណ្ណោះ ក្រុមការងារយើងខ្ញុំមិនទាន់ទទួលបានព័ត៌មានលម្អិតនូវឡើយ ៕

មតិយោបល់