ព័ត៌មានជាតិ

បើកម៉ូតូល្បឿនលឿន មិនប្រយ័ត្នគ្រោះថ្នាក់ស្លាប់១នាក់ របួសធ្ងន់១នាក់

បន្ទាយមានជ័យ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅយប់ថ្ងៃច័ន្ទ ៨ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ​មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូលឿនមិនប្រយ័ត្នបណ្តាលឲ្យដួលរងរបួសធ្ងន់០២នាក់ ក្រោយមក០១នាក់បានស្លាប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង ០៦និង៥០នាទីយប់ លើកំណាត់ផ្លូវលេខ ២៥៦៤ ពីភូមិផ្គាំទៅភូមិស្វាយស ត្រង់ចំណុចចុងអាងផ្គាំ ស្ថិតក្នុងឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ៖ ដំបូងមានម៉ូតូ០១គ្រឿងម៉ាកវ៉េវ សេរីឆ្នាំ២០០០ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឆេក លីផាត់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាវង ឃុំពន្លៃ និងអ្នករួមដំណើរឈ្មោះ ក្បឹប ភារ: ភេទប្រុស អាយុ ១៧ឆ្នាំនៅភូមិគោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ បានបើកបរពីទិសខាងលិច ទៅទិសខាងកើតតាមបណ្តោយផ្លូវលេខ២៥៦៤ ពីភូមិផ្គាំទៅភូមិស្វាយស ត្រង់ចំណុចចុងអាងផ្គាំ បានដួលដោយពុំដឹងមូលហេតុបណ្តាល ឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ រងរបួសធ្ងន់ទាំង០២នាក់ ក្រោយមកឈ្មោះ ឆេក លីផាត់ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកថ្មពួក។

នគរបាលបានបញ្ជាក់ថា ៖ មូលហេតុ ដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ៕

មតិយោបល់