ការប្រកួតបាល់ទាត់ជាមិត្តភាពរវាងក្រុមជម្រើសជាតិអាយុក្រោម ២១ ឆ្នាំជាមួយក្រុមសាកលវិទ្យាល័យ អ៊ុលសាន នៃសាធារណរដ្ឋកូរ៉េនាល្ងាចថ្ងៃទី២៧ មករា នោះលទ្ធផលស្មើគ្នា ៣ ទល់ ៣។
ការប្រកួតក្រុមទាំងពីរមានការស្វិតស្វាញក្នុងតង់ទី១ ប៉ុន្តែកម្ពុជានៅអាចបំបែកពងមាន់បាន ដោយកីឡាករ ចាន់ វឌ្ឍនាកា ពាក់លេខ ១១នៅនាទី ទី ៥ ប៉ុន្មាននាទីក្រោយមក រកបានមួយគ្រាប់ទៀតដោយកីឡាករ ឈិន ជឿន ពាក់លេខ ៨ នៅនាទី ទី ១១ ។
ការចាប់ផ្ដើមលេងដំបូងនេះក្រុម អ៊ុលសាន មិនត្រឹមតែមិនខ្វល់ពីរឿងការពារប៉ុណ្ណោះទេសូម្បីតែការស្វែងរកឱកាស ទាត់បញ្ចូលទីកម្ពុជាវិញនោះ ក៏ហាក់ដូចជា មិនសូវព្យាយាមនោះឡើយ។ ៤៥នាទីនៃតង់ទី ១ នេះក្រុមកម្ពុជាបាននាំមុខក្រុម អ៊ុលសាន ២ ទល់ ០។
បន្ទាប់ពីសម្រាកគ្រាន់តែតង់ទី ២ ចាប់ផ្ដើមក្រុម អ៊ុលសាន វាយលុកសងវិញដោយគ្មានសំចៃកម្លាំងឡើយ។ តែនាទី ៥៤ ក្រុមកម្ពុជារកបានមួយគ្រាប់បន្ថែមទៀត ដោយកីឡាករឈ្មោះស្រី ឧត្តម ពាក់លេខ ២៥។
នាទី ៥៦ ក្រុម អ៊ុលសាន រកបានគ្រាប់ដំបូងរបស់ខ្លួនដែលទាត់បញ្ចូលទីដោយកីឡាករឈ្មោះ Lee Jaewook ពាក់អាវលេខ ២០។ ២ គ្រាប់ទៀតរកបានដោយកីឡាករឈ្មោះ Heo Won ពាក់អាវលេខ ៨ រកបាន ២ គ្រាប់ម្នាក់ឯងនៅ នាទី ៦៣ និង នាទី ៨២។
ចប់ការប្រកួតរយៈពេល ៩០នាទី ក្រុមកម្ពុជា លេងស្មើជាមួយក្រុមសាកលវិទ្យាល័យ អ៊ុលសាន របស់សាធារណរដ្ឋកូរេ ក្នុងលទ្ធផល ៣ ទល់ ៣។
គួរបញ្ជាក់ថាទាំង ២ ក្រុមនេះនឹងប្រកួតគ្នាម្ដងទៀតនៅថ្ងៃទី ២៩ ខែ មករា ៕
មតិយោបល់