ខេត្តរតនៈគីរីគឺជាខេត្តតំបន់ភូមិភាគឦសានដែលមានចំងាយ ៥៨៨គម ពីរាជធានីភ្នំពេញដោយធ្វើដំណើរតាម រយៈផ្លូវជាតិលេខ ៧ និង ៧៦ ។ មានផ្លូវកាត់មួយដែលចំណាយរយៈពេលតិច គឺលោកអ្នកធ្វើដំណើរឆ្លង ស្ពានព្រែកតាម៉ាក់តាមផ្លូវជាតិលេខ ៨ រហូតដល់រង្វង់មូលស្រុកស្វាយអន្ទរខេត្ត ព្រៃវែង រួចបត់ស្តាំកាត់ស្រុក អូររាំងអូវ ខេត្តកំពង់ចាមឆ្ពោះទៅកាន់ថ្នល់ទទឹង ។ នៅតាមផ្លូវលោកអ្នកអាចគយគន់នូវទេសភាពដល់ស្រស់ ត្រកាលនៃចំការកៅស៊ូតូចធំជាច្រើន ។ ដល់ថ្នល់ទទឹងលោកអ្នកធ្វើដំណើរបត់ស្តាំឆ្លងកាត់ក្រុងសួងដល់ផ្លូវបំបែក ព្រះធាតុបត់ឆ្វេងទៅកាន់ខេត្តក្រចេះ រួចធ្វើដំណើរតាមផ្លូវជាតិលេខ ៧ បណ្តោយដងទន្លេមេគង្គ ចាស់រហូតដល់អូរពងមាន់ ។ បំបែកពីអូរពងមាន់ ១២១គម ទៀតនឹងដល់ខេត្តរតនៈគីរី ឆ្លងកាត់ស្រុកកូនមុំ ៕ ខេត្តរតនៈគីរីសម្បូរដោយ រមណីយដ្ឋានធម្មជាតិជាច្រើនដូចជាៈ បឹងយក្សឡោម ទឹកធ្លាក់កាចាញ ទឹកធ្លាក់កាទៀង ទឹកធ្លាក់ចាអុង ភ្នំឥសីបតមៈ និងទឹកធ្លាក់អូរសែនឡែរឺទឹកធ្លាក់ប្រាំពីរជាន់ ។ ចំងាយប្រហែលជាង ២០គម ពីក្រុងបានលុង ឆ្ពោះ ទៅស្រុកលំផាត់ ឃុំបីស្រុក ធ្វើដំណើរតាមផ្លូវដីក្រហមកាត់ចំការកៅស៊ូ ចំការស្វាយចន្ទីរាប់សិបហិតា លោកអ្នក នឹងទៅដល់រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ប្រាំពីរជាន់ រឺទឹកធ្លាក់អូរសែនឡែ ។ នៅទីនេះភ្ញៀវទេសចរអាចមក ងូតទឹកលេងកម្សាន្ត និងទស្សនាធម្មជាតិជុំវិញបានតែនូវរដូវប្រាំងប៉ុណ្ណោះ ៕ នៅរដូវវស្សាផ្លូវពិបាកចេញចូល ហើយទឹកហូរខ្លាំងមិនអាចងូតលេងកម្សាន្តបានទេ ។
បើតាមសម្តីអ្នកស្រី ប៉ែន គុន្ធា ជាអាជីវករលក់ដូរ និងជួលតូប នៅរមណីយដ្ឋានទឹកធ្លាក់ប្រាំពីរជាន់ បានប្រាប់ក្រុមការងាររបស់ដំណឹងថា នៅរមណីយដ្ឋាននេះ ក្នុងរដូវប្រាំងមានរថយន្ត គ្រប់ធនអាចចេញចូលបាន គាត់បញ្ជាក់ថានៅក្នុងរដូវចូលឆ្នាំចិន នេះមានរថយន្ត ចំនុះ ៤៥កៅអី ៣-៤គ្រឿងដែលមានសិស្សជាង ១០០នាក់ចូលទៅទស្សនា ប៉ុន្តែនូវរដូវវស្សាវិញផ្លូវមិនអាចចូល បានទេ សូម្បីតែគាត់ក៏មិនអាចលក់បានដែរ ។ ហើយចំពោះតម្លៃចូលទស្សនាវិញចំពោះរថយន្តបង់ប្រាក់ ១០០០រៀល ជួលតូប ១០០០០រៀល និងមានសេវាម្ហូបអាហារ ភេសជ្ជៈសំរាប់បម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានចូលទៅទស្សនា ។ នៅទីនេះភ្ញៀវទេសចរ អាចងូតទឹកលេងកម្សាន្តបានជាមួយទឹកថា្លយង់ ដែលហូរជាប្រាំពីរដំណាក់ធ្លាក់រហូតដល់ទន្លេស្រែពក ។ លោក ឃុន ចាន់ថន ជាបុគ្គលិកបម្រើការងារនៅក្រុម ហ៊ុនឯកជនមូយក្នុងរាជធានីភ្នំពេញបានប្រាប់ក្រុមការងារដំណឹងថា គាត់ចូលចិត្តទៅទស្សនាតំបន់ទឹកជ្រោះធម្ម ជាតិ ហើយងូតទឹកលេងកម្សាន្តជាមួយមិត្តភក្តិឬសាច់ញាតិបងប្អូន ព្រោះថាពេលទៅដល់តំបន់ធម្មជាតិទាំង នោះវាអាចជូយកាត់បន្ថយភាពតានតឹង នឿយហត់ ពីកន្លែងធ្វើការ ជាក់ស្តែងដូចជានៅក្នុងឱកាសចូឆ្នាំចិននេះ គាត់មកទស្សនាទឹកធ្លាក់ប្រាំពីរជាន់នេះ ឃើញថាមានទេសភាពស្អាត និងអាចងូតទឹកលេងកម្សាន្តបានយ៉ាង សប្បាយរីករាយថែមទៀតផង ។ ជាចុងក្រោយក្រុមងារសូមសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ សូមមេត្តាយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងកាកសំណល់នៅក្នុងរមណីយដ្ឋានទឹកធ្លាក់ប្រាំពីរជាន់នេះ ដោយ សារនៅទីនេះពុំឃើញមានការរៀបចំធុងសំរាមនោះទេ សំរាមនៅពាសវាលពាសកាលមើលទៅហាក់លុបបាត់ នូវសោភ័ណ្ឌភាពធម្មជាតិដ៏ស្រស់បំព្រងរបស់រមណីយដ្ឋាននេះ៕



មតិយោបល់