ម៉ាឡេស៊ី៖ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចចិត្តសម្រាកការរឹតបន្ដឹងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងប្រទេសចិន ដើម្បីភ្ជាប់នូវដំណើរទស្សនាកិច្ច Visit Malaysia Year 2014 នៅឆ្នាំក្រោយ។នេះបើយោងតាមការឲ្យដឹងពីមន្ត្រីរដ្ឋាភិបាលនៅថ្ងៃអង្គារម្សិលមិញ។
លោករដ្ឋមន្ត្រី Ahmad Zahid Hamidi បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា ភ្ញៀវទេសចរឥណ្ឌា និងចិន នឹងត្រូវបានទទួលទិដ្ឋាការនៅកន្លែងមកដល់ (VoA) ប៉ុន្តែបានសម្រាប់តែភ្ញៀវដែលបានចូលមកប្រទេសម៉ាឡេស៊ីតតាមរយៈប្រទេសទីបី។
បច្ចុប្បន្នសម្រាប់ភ្ញៀវទេសចរដែលកាន់លិខិតឆ្លងដែនប្រទេសឥណ្ឌា និងចិនត្រូវបានគេតម្រូវឲ្យដាក់ពាក្យសុំទិដ្ឋាការសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។
កាលពីឆ្នាំ ២០១០ ប្រទេសម៉ាឡេស៊ីបានលុបចោល ការ “ទទួលទិដ្ឋាការនៅកន្លែងមកដល់” ដល់ភ្ញៀវទេសចរមកពីប្រទេសមួយចំនួនរួមមានប្រទេសចិន និងប្រទេសឥណ្ឌាដោយសារតែមានការរំលោភបំពាន់លើទិដ្ឋាការ។ បើតាមសេចក្ដីរាយការណ៍មានភ្ញៀវទេសចររាប់ពាន់នាក់បានរំលោភទិដ្ឋាការ ដោយសារតែពួកគេបានមកជាមួយនឹងព្រឹត្តិការណ៍ Visit Malaysia Year 2007។
បើយោងតាមនាយកដ្ឋានអន្តោប្រវេសន៍ មានជនជាតិឥណ្ឌាប្រមាណ ៣៩.០០០នាក់ និងជនជាតិចិនប្រមាណ ៦.០០០នាក់ ដែលហួសកំណត់ទិដ្ឋាការនៅក្នុងប្រទេសម៉ាឡេស៊ី៕
មតិយោបល់