ព័ត៌មានជាតិ

ផ្ទេរមុខងារទទួលខុសត្រូវ ការគ្រប់គ្រងសំរាមនិងលូទឹក ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានផ្ទេរមុខងារទទួលខុសត្រូវ ការងារគ្រប់គ្រងសំរាម និងលូទឹក ទៅឲ្យរដ្ឋបាលថ្នាក់ក្រោម រួមទាំងការផ្ទេរថវិការ ប្រមាណជា២លានដុល្លារផងដែរ។

រដ្ឋមន្រ្តីបរិស្ថាន បានបញ្ជាក់នៅក្រោយកិច្ចប្រជុំកិច្ច ប្រជុំលើកទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ ដោយចីរភាព នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ នាទីស្តីការក្រសួងបរិស្ថានថា “សម្រាប់សំរាម ជំហានដំបូងនេះ បានធ្វើការផ្ទេរការគ្រប់គ្រង ទៅក្រុងចំនួន២៦ ដែលមានថវិការ ប្រមាណជា២លានដុល្លារ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសខណ្ឌ ក្រុង និងស្រុក ហើយការផ្ទេរនេះ គឺត្រូវធ្វើការលតកម្ម ការដេញថ្លៃ និងលក្ខខណ្ឌហិរញ្ញវត្ថុសាធារណៈ” ។

លោកបន្តទៀតថា ក្រោយការផ្ទេរឃើញថាមានការកែប្រែ សោភណ្ឌភាពតាមបណ្តាក្រុងទាំងនោះបានល្អប្រសើរ តែក៏មានក្រុងខ្លះនៅ យឺតយ៉ាវនៅឡើយ ហើយក្រសួងក៏បានជួយ បង្ហាត់បង្ហាញ ទៅពួកគាត់ថាត្រូវធ្វើយ៉ាងណា ដើម្បីប្រសិទ្ធភាពទៅមុខទៀត។ ចំណែកប្រព័ន្ធលូថ្មីក្រសួង ក៏បាននិងកំពុងធ្វើដែរ តែមាននៅរាជធានីភ្នំពេញ តែប៉ុណ្ណោះ ដើម្បីប្រគល់ឲ្យ ខណ្ឌមានលទ្ធភាពមើលការងារ គ្រប់គ្រងប្រព័ន្ធលូដោយផ្ទាល់ ក្រសួងក៏កំពុងតែពិនិត្យមើលថវិការ ដែលបានដក១០ភាគរយពីទឹកស្អាត ដើម្បីពិនិត្យលទ្ធភាពពី រដ្ឋករទឹកផ្ទេរទៅតាមខណ្ឌតែម្តង ។

លោកបានបញ្ជាក់ថា ការផ្ទេរតួនាទីភារៈកិច្ច ទទួលខុសត្រូវលើការងារគ្រប់គ្រងសំរាម និងលូទឹកនេះ ទៅរដ្ឋបាលថ្នាក់ក្រោម គឺដើម្បីឲ្យ មានការទទួលខុសត្រូវ ជៀសវាងការទម្លាក់ បន្ទុកទៅស្ថាប័នឬផ្នែកណាមួយ ពិសេស ក្រុង ស្រុក ខណ្ឌ មានភារៈកិច្ចចុះជាប់ផ្ទាល់និង ជាប្រចាំជាមួយមូលដ្ឋានងាយស្រួល ក្នុងការអនុវត្តការងារ នេះមានប្រសិទ្ធភាព ៕

ផ្ទេរមុខងារទទួលខុសត្រូវ (1) ផ្ទេរមុខងារទទួលខុសត្រូវ (2) ផ្ទេរមុខងារទទួលខុសត្រូវ (3)

មតិយោបល់