កាលពីថ្ងៃទី ១៥ ខែ កក្កដា ម្សិលមិញនេះដែរ ក្រសួងមហាផ្ទៃ បានបញ្ចេញឈ្មោះ មេដឹកនាំ ជនអនាធិបតេយ្យ ដែលបង្កអសន្តិសុខ ធ្វើឲ្យមនុស្សជិត ៤០ នាក់រងរបួសធ្ងន់ និង ស្រាល។
មេដឹកនាំ ៤ នាក់ដែលត្រូវបានក្រសួងមហាផ្ទៃ បានបញ្ចេញឈ្មោះរួមមាន ឈ្មោះ មួរ សុខហួរ ,ម៉ែន សុថាវរិទ្ធ ,កែវ ភារម្យ និងឈ្មោះ ហូ វ៉ាន់។
ក្រសួងមហាផ្ទៃឲ្យដឹងថា អំពើហិង្សាដែល បង្កឡើងដោយក្រុមអនាធិបតេយ្យ មានការចាត់តាំង ដឹកនាំដោយជនទាំងបួននាក់នេះបានធ្វើ ឲ្យមានភាពចលាចលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នាំដល់ការប្រឈមមុខ គ្នាដោយឥតព្រាងទុក ជាមួយកម្លាំងរក្សាសន្តិសុខរហូតឈានដល់ការបង្ករបួសធ្ងន់ធ្ងរលើ កម្លាំងសន្តិសុខសាលាខណ្ឌដូនពេញដូនពេញចំនួន៣៨ នាក់ ក្នុងនោះ៣ នាក់កំពុងស្ថិតក្នុង ស្ថានភាពសង្គ្រោះបន្ទាន់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ព្រមទាំងបង្កភាព ភ័យខ្លាចដល់ប្រជាពលរដ្ឋទូទៅដែលកំពុង រស់នៅយ៉ាងសុខសាន្តទៀតផង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបាននិយាយថា ប្រឈមមុខនឹងសកម្ម ភាពអនាធិបតេយ្យប្រកបដោយចរិកហិង្សានេះ អាជ្ញាធរមានសមត្ថកិច្ច ដោយប្រកាន់ខ្ជាប់នូវ តួនាទីភារកិច្ចកំណត់ដោយច្បាប់ បានចាត់តាំងអនុវត្តន៍នូវវិធានការសមស្របចំពោះមេក្លោង និងបក្សពួកបង្កចលាចលអនាធិបតេយ្យ ឲ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនតាមច្បាប់ជា ធរមាន។ក្រសួងមហាផ្ទៃសូមសម្តែងនូវការសោកស្តាយចំពោះឧប្បត្តិហេតុចលាចលនេះ និង សូមអំពាវនាវប្រកបដោយភាពជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបន្តខិតខំជួយដល់ បុព្វហេតុរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈរបស់រាជរដ្ឋាភិបាល ព្រមទាំង ចូលរួមថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពអនាធិបតេយ្យនានា ប្រកបដោយឧបាយ កលនយោបាយ ទុច្ចរិតប៉ះពាល់ដល់ភាពសុខក្សេមក្សាន្ត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន និង សង្គមជាតិទាំងមូលនោះ៕
មតិយោបល់