ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្រ្តីខែ្មរ ០៤នាក់ បានត្រលប់មកមាតុភូមិ ក្រោយជួបការលំបាក នៅម៉ាឡេស៊ី និងចិន

ភ្នំពេញ: ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលិខិតមួយច្បាប់ ស្តីពីការអន្តរាគមន៍ ជួយពលការិនី ០៣រូប និងស្រ្តីខ្មែររៀបការជាមួយប្តីចិន ០១រូប ឲ្យមកកាន់មាតុប្រទេសវិញ បន្ទាប់ពីមានការរំលោភសិទ្ធិទៅលើពួកគេ។

យោងតាមលិខិតដែលបានចេញផ្សាយនោះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីចំនួន ០៣នាក់ ដែលបានទៅធ្វើការខាងផ្នែកជូតសំអាត និងនារីជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុងការងារ។ ពលការិនីទាំង០៣នាក់ មានឈ្មោះ ១-ធី អុល អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៥ ខាងផ្នែក ជូតសំអាត តាមរយៈក្រុមហ៊ុនលោកជ័យនៅកម្ពុជា និងក្រុមហ៊ុន Eland Venture នៅម៉ាឡេស៊ី ហើយបានទៅស្ថានទូតសុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ថានទូត បានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន និងបានទាមទារឲ្យក្រុមហ៊ុនលោកជ័យបង់ប្រាក់ពិន័យឲ្យរដ្ឋាភិបាល ម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ ត្រឡប់មកមាតុភូមិវិញ។ ២-ជាវ សម្បត្តិ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិពើក ឃុំពុទ្ធ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងផ្នែក ជូតសំអាត តាមរយៈក្រុមហ៊ុនលោកជ័យនៅកម្ពុជា និងក្រុមហ៊ុន Sentosa នៅម៉ាឡេស៊ី ហើយបានទៅស្ថានទូតសុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ថានទូត បានទាមទារឲ្យក្រុមហ៊ុនលោកជ័យ បង់ប្រាក់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និងទាមទារឲ្យក្រុមហ៊ុន Sentosa ទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ ត្រឡប់មកមាតុភូមិវិញ។ ៣-ជ្រែ សុភា អាយុ២៧ឆ្នាំ បានមកធ្វើការនៅប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ២០០៩ ជាស្ត្រីជំនួយការមេផ្ទះ។ ដោយមានការលំបាកក្នុងការងារ និងត្រូវថៅកែធ្វើបាប ក៏បានរត់ចេញពីផ្ទះថៅកែ មកទំនាក់ទំនងជាមួយស្ថានទូត ដើម្បីសុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ថានទូត បានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន និងទិញសំបុត្រយន្តហោះឲ្យ។

ចំណែកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយ អាជ្ញាធរនគរបាលខេត្តជឺចាំង និងអាជ្ញាធរនគរបាលទីក្រុងសៀងហៃ អន្តរាគមន៍ជួយស្រ្តីខ្មែរ ០១ រូបឈ្មោះ យ៉េន ផាន្នី អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបាន ទៅរៀបការ និងរស់នៅជាមួយប្តីចិនក្នុងខេត្តជឺចាំង ប្រទេសចិន តាំងពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៣ តែបានលែងលះជាមួយប្តីរួចហើយ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញតាមសំណើរបស់សាមីខ្លួន។

ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូត និងស្ថានអគ្គកុងស៊ុល បានផ្ដល់កន្លែងស្នាក់នៅ និងការហូបចុកដល់ទាំងអស់គ្នាផងដែរ។ ហើយពួកមកដល់មាតុភូមិវិញនៅ២៤ ខែមេសា ឆ្នាំ២០១៦៕

photo_2016-04-22_17-22-32 photo_2016-04-22_17-22-33Cambodian-maids-head-to-Malaysia

មតិយោបល់