បច្ចុប្បន្ន Facebook ត្រូវបានគេទទួលស្គាល់ជាបណ្ដាញទំនាក់ទំនងសង្គមដែលមានអ្នកប្រើប្រាស់ច្រើនជាងគេរហូតដល់ទៅ ១,៣២ពាន់លាននាក់ ហើយក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលរកបានប្រាក់ចំណូលខ្ពស់ផងដែរ។
បើទោះបីជាយ៉ាងនេះក្ដី អ្នកប្រើប្រាស់ Facebook មួយចំនួនប្រហែលជាមិនដឹងពីធាតុពិតនៅក្រោយខ្នងវានោះទេ។
ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអ្នកប្រើប្រហែលជាមិនធ្លាប់ដឹង៖
១. លោក Mark Zuckerberg បានបង្កើត Facebook ឡើងដោយផ្ដើមចេញពីទឹកប្រាក់ដើមទុនចំនួន ៨៥.០០០ដុល្លារ ប៉ុន្តែមកដល់ពេលនេះ វាបានធ្វើឲ្យលោក Mark Zuckerberg ក្លាយជាមហាសេដ្ឋីវ័យក្មេងដែលមានលុយជាង ៣៣ពាន់លានដុល្លារអាមេរិក (តួលេខពីទស្សនាវដ្ដី Forbes ចេញផ្សាយកាលពីខែកក្កដា)។
២. បណ្ដាញសង្គមមួយនេះ បានចេញលក់ភាគហ៊ុនលើកដំបូងកាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០១២ ដោយមានតម្លៃ ៣៨ដុល្លារអាមេរិក ក្នុងមួយហ៊ុន ប៉ុន្តែមកដល់ពេលនេះ វាមានតម្លៃ ៧២,៦ដុល្លារអាមេរិកក្នុងមួយហ៊ុន។
៣. យោងតាមរបាយការណ៍ស្រាវជ្រាវមួយបានបង្ហាញថា ក្នុងចំណោមអ្នកប្រើប្រាស់ Facebook ទាំង ១,៣២ពាន់លាននាក់នោះ មាន ៦៦ភាគរយ មានអាយុចន្លោះពី ១៥-២៤ឆ្នាំ។
៤. ៤៨ភាគរយ នៃអ្នកប្រើប្រាស់ Facebook ដែលមានអាយុចន្លោះពី ១៨-៣៤ឆ្នាំ បានឆែក ឬបើក Facebook មើលនៅរៀងរាល់ព្រឹក ពេលភ្ញាក់ពីដេក។
៥. បច្ចុប្បន្ននេះ Facebook មាន ៧០ភាសាទូទាំងពិភពលោក។
៦. ជាមធ្យម អ្នកប្រើប្រាស់ Facebook ម្នាក់បានចំណាយពេល ១៨-២០នាទីក្នុងការឆែក ឬបើក Facebook។
៧. ក្នុង១ថ្ងៃ មានរូបភាពជាង ៣៥០លានរូបត្រូវបាន Upload ,មាន ៤,៥ពាន់លាន Likes និងមានសារចំនួន ១០ពាន់លានត្រូវបានផ្ញើក្នុង១ថ្ងៃ៕
មតិយោបល់