ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូជូននារីជាសង្សារត្រឡប់ទៅផ្ទះពេលជិះចេញមកវិញត្រូវជនសង្ស័យ៤នាក់ធ្វើសកម្មភាពស្ទាក់គំរាមយកម៉ូតូបានសម្រេចហើយគេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចក្បែរមន្ទីរពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ សម ស៊ីងួន អាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី១ នៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស ស្នាក់នៅម្ដុំបឹងសាឡាង ខណ្ឌទួលគោក ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកម៉ាកស៊ុយស៊ូគីស្មាស់វី ពណ៌ស មិនចាំស្លាកលេខ។
បើតាមសម្ដីរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេបានឌុបនារីជាសង្សារទៅញ៉ាំអីមុខពេទ្យរុស្ស៊ី លុះញ៉ាំរួចក៏ជិះម៉ូតូឌុបនារីជាសង្សារទៅផ្ទះចូលតាមច្រកស្ពានទី១ បន្ទាប់ពីជូននារីជាសង្សារដល់ផ្ទះហើយរូបគេក៏បានជិះម៉ូតូចេញមកតាមច្រកស្ពានទី២ បំណងត្រឡប់ទៅផ្ទះវិញស្រាប់តែជិះចេញឡើងមកផ្លូវ២៧១ក៏មានជនសង្ស័យ៤នាក់បានធ្វើសកម្មភាពស្ទាក់ម៉ូតូរបស់គេដោយក្នុងដៃមានដែកចុងស្រួចគំរាមអោយគេចុះពីម៉ូតូ ដោយរូបគេមានការភិតភ័យខ្លាំងពេកក៏បានប្រគល់អោយម៉ូតូអោយជនសង្ស័យតែម្ដង។ បន្ទាប់ពីកើតហេតុជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះក៏ទំនាក់ទំនងទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរប៉ុន្ដែវាយឺតពេលបាត់ទៅហើយព្រោះជនសង្ស័យបានយកម៉ូតូជិះគេចខ្លួនបាត់ជិតកន្លះម៉ោងទៅហើយ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានត្រឹមតែមកដឹកជនរងគ្រោះយកទៅកាន់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យដើម្បីដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ៕
មតិយោបល់