កូនប្រុស លោកនាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តព្រះវិហារម្នាក់ និងស្រីស្នេហ៏ ត្រូវបានកម្លាំងនគរបាលក្រុង សហការជាមួយកម្លាំងនគរបាលជំនាញខេត្ត ចុះឃាត់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល១កន្លែង នៅចំកណ្តាលក្រុង គ្រាជនសង្ស័យកំពុងសេពគ្រឿងញៀន ។ រីឯការចុះឃាត់ខ្លួននោះ ត្រូវគេធ្វើឡើងនៅរសៀលម៉ោងជាង៤ ថ្ងៃទី២២កុម្ភះ នៅបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
អធិការនគរបាលក្រុងព្រះវិហារ លោកវរៈសេនីយ៏ទោគង់ គា បានឲ្យដឹងថា ជនសង្ស័ យដែលត្រូវឃាត់ខ្លួននៅពេលនេះ មានចំនួន២នាក់ ម្នាក់ឈ្មោះកែ វិជ្ជភាព អាយុ២៦ឆ្នាំ ជាមន្ត្រីបម្រើការងារនៅសាលាខេត្ត និងត្រូវជាកូនប្រុស របស់លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងស្ត្រីម្នាក់ទៀតជាស្រីស្នេហ៏ ឈ្មោះកែវ ស្រីរ័ត្ន អាយុ២០ឆ្នាំ ជានារីបម្រើការងារនៅហាងខារ៉ាអូខេស្លឹកមាស ដកហូតបានវត្ថុតាងឧបករណ៏ប្រើប្រាស់មួយចំនួន ។ លោកគង់ គា បានបន្តថា ក្រោយការឃាត់ខ្លួននាំមកសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ឃើញថា ជនសង្ស័យឈ្មោះកែ វិជ្ជភាព ពិនិត្យឃើញមានសារធាតុញៀន ចំ ណែកនារីខារ៉ាអូខេ កែវ ស្រីរ័ត្ន មិនមានផ្ទុកនូវសារធាតុញៀននោះទេ ហើយត្រូវបានស្ថាប័ន អយ្យការខេត្ត អនុញ្ញាតិឲ្យនាងវិលត្រឡប់ទៅកាន់លំនៅស្ថានវិញ ។លោកថា ចំពោះជនសង្ស័យម្នាក់ ដែលជាកូនប្រុសលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការជាបន្ត ។
ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស ទទួលបន្ទុកស្តីទីការិយាល័យ កណ្តាលនគរបាលប្រឆាំងបទល្មើសខេត្ត លោកស្រីវរៈសេនីយ៏ទោប្រាំង ធីតា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះកែ វិជ្ជភាព នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តព្រះវិហារ នារសៀលថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០១៥ម្សិលមិញនេះ ដើម្បីចាត់ការជាបន្តទៅតាមច្បាប់ នៅបន្ទាប់ពីបានបញ្ចប់ នូវកិច្ចនីតិវិធីសាកសួរនោះរួច ៕
មតិយោបល់