ព័ត៌មានជាតិ

ពលរដ្ឋ​បាន​រិះគន់ អ្នកមាន​អំណាច​ឃុបឃិត​ជាមួយ​ឈ្មួញ​កំពុងតែ​រំលាយ​ភ្នំ​តំបន់​ទេសចរ​ជាច្រើន​កន្លែង​នៅ​ក្បែរ​ព្រំដែន

ខេត្ត​ប៉ៃលិន ៖ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ទៅ​ឬ​ឆ្លងកាត់​នៅ​ព្រំដែន​កម្ពុជា​-​ថៃ បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អាជ្ញាធរ​ថា បាន​បណ្តែតបណ្តោយ​ឱ្យ​អ្នកមាន​លុយ​កាក់​អំណាច​បុណ្យ​សក្តិ ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដីភ្នំ​ស្ទើតែ​រាបស្មើ​ដើម្បី​សាងសង់​សំណង់​ផ្សេងៗ​និង​យក​អាចម៍ដី​លក់​យ៉ាង​គគ្រឹកគគ្រេង បង្ក​ឱ្យ​បាត់បង់​ធន់​ធាន​ធម្មជាតិ និង​ប៉ះពាល់​បរិស្ថាន​យ៉ាងខ្លាំង​។​ចំណែក​អាជ្ញាធរ​បាន​ត្រឹម​ឆ្លើយ​ដាក់គ្នា​។​
​ ​កន្លែង​ដែល​កំពុង​ជីក​កកាយ​និង​សាសង់​សំណង់​ផ្សេងៗ​នោះ​ស្ថិត នៅ​ចំណុច​អ​ង់ តែ​ន​ទូរស័ព្ទ ០១២ និង​០៩៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ គ្រឿងចក្រ​បាន​ជីក​កកាយ​យក​ដី​ភ្នំ​ដឹក​ទៅ​លក់​ផង​និង​ធ្វើឱ្យ​ភ្នំ​នេះ រាបស្មើ​ដើម្បី​សាងសង់​សំណង់​ផ្សេងៗ ដែល​ពួក​អ្នកមាន​អំណាច​ទាំងនោះ មិន​ខ្វល់​ពី​ការបាត់បង់​ធនធានធម្មជាតិ​ឡើយ ។
​ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជាច្រើន​នាក់​បាន​ខ្សឹបខ្សៀវ​គ្នា​ឱ្យដឹង ថា តំបន់​ព្រៃភ្នំ​នៅក្នុង​ភូមិ​ផ្សារ​ព្រំ នឹង​ក្លាយទៅជា​ទីវាល​រហោស្ថាន ស្រឡះ​គ្មាន​ដើមឈើ​១​ដើម​នោះ​ឡើយ ដោយសារតែ​អ្នកមានអំណាច និង​មាន​លុយកាក់ បាន​ឃិបឃិត​គ្នា​ជាមួយ​ឈ្មួញ យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ភ្នំ​យក​ដី​ទៅ​លក់ ហើយ​បន្ទាប់មក​គេ​នឹង​យក​ភ្នំ​នេះ​ទៅ​សាងសង់​ជា​ផ្ទះជួល ជា​អគារ ឬ​ពុះ​ឡូ​តិ៍លក់​ផងដែរ ។
​ប្រភព​បន្តទៀតថា ពីមុន​នៅ​លើ​ភ្នំ​តំបន់​ព្រំដែន​នេះ ពោរពេញ​ទៅដោយ​រុក្ខជាតិ​ពណ៌​ខៀវស្រងាត់​ស្រស់បំព្រង​គួរ​ឱ្យ​ចង់​គយគន់ ត្រជាក់​ភ្នែក ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ ។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ គេ​ឃើញ​ឈ្មួញ​បាន​យក​គ្រឿងចក្រ​ទៅ​សម្រុក​ជីក​កកាយ​ដីភ្នំ​យកទៅលក់ ហើយ​យក​កន្លែង​ដី​ភ្នំ​នេះ​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ។​
​ម្យ៉ាងវិញទៀត ឈ្មួញ​ដែល​កំពុងតែ​ដឹក​ដី​នៅ​តំបន់​ភ្នំ​នេះ​លក់ ឈ្មោះ តា គីម រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ប្រជាពលរដ្ឋ​រិះគន់​បន្តទៀតថា បើសិនជា​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​បណ្តែតបណ្តោយ​បែប​នេះ​តទៅទៀត ភ្នំ​ដែល​ជា​កេរ្តិ៍តំណែល​ពី​ដូនតា​តាំងពី​យូរលង់​ណាស់​មកហើយ នឹង​រលាយ​សាបសូន្យ​គ្មាន​សល់​បន្តិច​នោះ​ឡើយ ។​
​ជាមួយគ្នានេះ​ដែរ​ម្ចាស់​គ្រឿងចក្រ​និង​រថយន្ត​ដឹក​ដី លោក គីម បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា គាត់​ជីក​យក​ដី​ពី​អ្នកមានអំណាច ផ្កាយ​ពីរ​ម្នាក់ រស់នៅ​ក្រុង​ប៉ៃលិន ដោយ​គេ​ឱ្យ​គាត់​កាយ​មិន​គិតលុយ​អី​ទេ គឺ​គេ​ចង់ឱ្យ​កាយ​ដី​លើ​ភ្នំ​នេះ​រាបស្មើ​ដើម្បី​សាងសង់​ផ្ទះ​ព្រោះ​ដី​នេះ​គេ​មាន​ប្លង់ លោក​បាន បន្តទៀតថា ម្ចាស់​ដី​នេះ​ជា​អ្នកមាន​អំណាច ខាង​លោក​មិន​សួរនាំ​អ្វី​ច្រើន​ពី​គាត់​នោះឡើយ ។
​ ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា ខាង​លោក​មិនទាន់​ដឹង​ថា​ដី​នេះ​ជា​របស់​អ្នកមាន​អំណាច ឬ​អ្នក​មាន​លុយកាក់​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដីភ្នំ​នៅឡើយ​ទេ ហើយ​ខា ង​លោក​នឹង​ចុះ​ត្រួតពិនិត្យ​ឱ្យ​ដឹង​ច្បាស់ ។ លោក​បាន​បញ្ជាក់ទៀតថា ខាង​លោក​ក្តាប់​ព័ត៌មាន នេះ​មិន​ទាន់​ជុំ​នៅឡើយ ហើយ​កំពុងតែ​ចាត់​ក្រុមការងារ​ឱ្យ​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ ឱ្យបាន​ច្បាស់លាស់​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ព្រោះ​លោក​ទើប​តែ​កាន់​ជា​អភិបាលស្រុក​សាលា​ក្រៅ​នេះ​ទើបបាន​ប៉ុន្មាន​ខែ​ប៉ុណ្ណុះ​ហើយ​រឿង​ដី​ភ្នំ​ទាំងនោះ​មាន​ប្លង់​ឬ​អត់​ប្លង់​ឋិត​នៅលើ​មន្ទីរ​សុរិយោដី​ទេ​ជា​អ្នកសម្រេច​ចេញ​ប្លង់​ឱ្យ ។
​ ​ចំណែក​លោក សែម សុខន ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹង ថា ដី​ដែល​គេ​កំពុងតែ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ ខាងលើ​នោះ អត់​មាន​ប្លង់​រឹង​នោះ​ទេ គឺ​គ្រាន់តែ​មាន​បង្កា​ត់ដៃ​កាន់កាប់​តែប៉ុណ្ណោះ ។ លោក​បាន​បន្តទៀតថា នៅ​ខេត្ត​ប៉ៃលិន​ជា​តំបន់​ខ្ពស់​រាប កន្លែង​ណា​ក៏​មើលទៅ​ឃើញ​ខ្ពស់​ដែរ ហើយ​កន្លែង​ដែល​គេ​ជីក​កកាយ​នេះ​ត្រូវបាន​មេ​ចែក​ឱ្យ​តាំងពី​សម័យ​សមាហរណកម្ម​មក​ម្លេះ គឺ​សម័យ​ខ្មែរក្រហម ៕

2015-02-25_085655

2015-02-25_085645

មតិយោបល់