ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា​ចេញមុខ​អះអាង​រឿង​មកុដ​បូរាណ​

​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សរសេរ​នៅ​មុន​នេះ​ឲ្យដឹងថា មកុដ​មាស​បុរាណ​មួយ​ដែល​ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ចែកចាយ​ព័ត៌មាន​ព្រោងព្រាត​ថា​រកឃើញ​ដោយ​កំណាយ​នៅ​ប្រាសាទតាព្រហ្ម និង​ថា​ត្រូវបាន​គេ​លក់ដូរ គឺជា​ព័ត៌មាន​មិន​ពិត និង​ហៅ​ព័ត៌មាន​ជួញដូរ​នោះ​ថា បង្ខូច​កិត្តិយស​ទាំង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដែល​អភិរក្ស និង​ជួសជុល​ប្រសាទ​។ ទំព័រ​ខាងលើ​បាន​បន្ថែមទៀតថា “​អាជ្ញា​ជាតិ​អប្សរា​សូម​ធ្វើ​ការអះអាង បញ្ជាក់​ជូន​សាធារណជន មេត្តា​ជ្រាប​ថា​បច្ចុប្បន្ន​នេះ វត្ថុ​ដ៏​មាន​តម្លៃ​នេះ​ត្រូវ​បាន​រក្សាទុក​នៅ កន្លែង​មាន​សុវត្ថិភាព ស្រប​តាម​គោលការណ៍​នៃ​ការអភិរក្ស​វត្ថុ​បុរាណ ដែល​ជា​មរតក​របស់​មនុស្សជាតិ​ទាំងមូល​។ ដោយ​មិន​មាន​ការលក់ដូរ​ដូច​ការចោទប្រកាន់​ឡើយ​។ ជាថ្មី​ម្ដងទៀត អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ បញ្ឈប់​នូវ​ការ​ផ្សាព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​នាំឲ្យ​ប៉ះពាល​ដល់​កិត្តិយស របស់​ស្ថាបន​ជាតិ​និង​អន្តរជាតិ ដែល​កំពុង​បំពេញការងារ​អភិរក្ស ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​”​។​
​បញ្ជាក់​ថា​កាល​ខែ​មីនា​២០១២ ស្ថាប័ន​ឥណ្ឌា (ASI) ដែល​កំពុង ធ្វើការ​អភិរក្ស ជួសជុល ប្រាសាទតាព្រហ្ម​ដោយ​សហការ​ជាមួយ អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​ប្រទះឃើញ មកុដ ឬ​ភ្នួ​ង​សក់​ធ្វើ​ពី​មាស ដែល​ជា​វត្ថុ​សិល្បៈ​មានតម្លៃ​ដ៏​កម្រ​នឹង​ជួបប្រទះ ក្នុង​ប្រវត្តិ​នៃ​សិល្បៈ​ខ្មែរ​។ ភ្លាមៗ​នោះ​ស្ថាប័ន​ឥណ្ឌា​និង​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ធ្វើ​ការសិក្សា និង​លាង​សម្អាត​តាម បច្ចេកទេស​របស់​អ្នក​អភិរក្ស​វត្ថុ​បុរាណ​ក្រោម​ការ ដឹកនាំ​និង​ចាត់ចែង​ផ្ទាល់​របស់ ឯកឧត្តម អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា​។ កន្លងមក​អាជ្ញាធរ​ក៏​បាន​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ​ទៅ​សាធារណជន​ដែរ​៕​
angkor2

មតិយោបល់