ភ្នំពេញ៖ ឧកញ៉ាដ៏មានអំណាចចំនួន ២នាក់ និងមនុស្សមួយចំនួន ដែលជាឈ្មួញរកស៊ីឈើ មិនអាចប៉ះពាល់បាន នៅខេត្តកំពង់ចាម ត្រូវប្រជាពលរដ្ឋ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដាក់ពាក្យបណ្តឹង ទៅតុលាការខេត្តក្រចេះ ប្តឹងពីបទ កាប់រានឈូសដីព្រៃ ទ្រព្យសម្បត្តិសាធារណៈ និងកាប់រានដីព្រៃ របស់រដ្ឋជាង ៣ ពាន់ហិកតា យកមកធ្វើជាកម្មសិទ្ធិ ហើយមូលហេតុនៃការប្តឹង ពាក់ព័ន្ធតំបន់ដីព្រៃស្រោង ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទំហំ ៣២១០ ហិកតា ជាទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋត្រូវបានកាប់បំផ្លាញ។ យោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ដាក់ទៅព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ គឺបានប្តឹងឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា មានទីលំនៅ ក្នុងឃុំប្រធាតុ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងឧកញ៉ា អេង ទីលំនៅក្បែរផ្សារបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងមនុស្សមួយចំនួន ដែលរួមគ្នាធ្វើឲ្យបាត់បង់ តំបន់ព្រៃឈើ ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋជាង ៣ ពាន់ហិកតា តាមរយៈការប្រព្រឹត្តបទល្មើស ឧក្រិដ្ឋព្រៃឈើ កាប់រំលំដើមឈើ កាប់រានឈូសឆាយដីព្រៃ យកមកធ្វើជាកម្មសិទ្ធិ។ ពាក្យបណ្តឹង បានរៀបរាប់ថា “ដោយសារយើងខ្ញុំ បានជួបជុំគ្នានៅក្នុង វគ្គបណ្តុះបណ្តាល ស្តីពីពង្រឹង សិទ្ធិអំណាច សហគមន៍មូលដ្ឋាន ដែលរៀបចំឡើង ដោយសមាគមអាដហុក រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ក្នុងនោះយើងបាន រួមគ្នាសិក្សាស្វែងយល់ ពីច្បាប់ភូមិបាល និងច្បាប់ព្រៃឈើ ដោយបានលើកពីករណី បាត់បង់ព្រៃសម្បត្តិសាធារណៈរបស់រដ្ឋ សរុបទំហំ ៣១២០ ហិកតា តាមរយៈការប្រព្រឹត្តបទល្មើស ឧក្រិដ្ឋព្រៃឈើ កាប់រំលំដើមឈើ កាប់រានឈូសឆាយដីព្រៃ យកដីមកធ្វើជាកម្មសិទ្ធិ ពីសំណាក់ក្រុមឈ្មួញឃុបឃិតគ្នា ជាមួយអ្នកមានអំណាច តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ”។ ពាក្យបណ្តឹងបានបញ្ជាក់ថា “ តំបន់ព្រៃស្រោងទាំង ៣១២០ ហិកតា ត្រូវបានកាប់បំផ្លាញទាំងស្រុង និងដោយសកម្មភាពកាប់រាន ឈូសឆាយដីព្រៃ ជាបទល្មើសឧក្រិដ្ឋ ដូចនេះមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ការដាក់ពាក្យបណ្តឹង របស់យើងខ្ញុំ មិនទាន់ផុតអាជ្ញាយុកាល នៃបទល្មើសដែរ។ ម្យ៉ាងទៀតតំបន់ ព្រៃស្រោងទាំង ៣២១០ ហិកតា ក៏ត្រូវបានទទួលស្គាល់ជាផ្លូវការ មានទាំងផែនទី ផ្សាយចេញដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយដ្ឋាន រួមទទួលស្គាល់ តាំងពីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក និងថ្នាក់ខេត្តថែមទៀត ដូចនេះជនណាក៏ដោយ ឲ្យតែបំផ្លិចបំផ្លាញ កាប់រានឈូសឆាយដីព្រៃ នៅក្នុងតំបន់នេះ ត្រូវតែទទួលទោសតាមច្បាប់”៕
ព័ត៌មានជាតិ
មតិយោបល់