បន្ទាយមានជ័យ៖ លំនៅដ្ឋាន និងស្រែចម្ការ របស់ប្រជាពលរដ្ឋជាគ្រួសារយោធិនរំសាយ និងពិការ នៅចំនុចបឹងកាប៉ៅ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន៩ខ្នង លើដីទំនាស់ជាមួយក្រុមហ៊ុន លី អ៊ុតនី ត្រូវបានក្រុមហ៊ុននេះបញ្ជាអោយដុត រុះរើ និងប្រើគ្រឿងចក្រឈូសឆាយ បំផ្លាញដំណាំជាស្រែចម្ការកាលពីថ្ងៃទី៧ ឧសភា ២០១៥ ដោយសំអាងលើ ស.ជ.ណ សេចក្តីជូនដំណឹងរបស់សាលាខេត្ត និងដីការរក្សាការពារសាលាដំបូងខេត្ត ។ តាមការអោយដឹងពីប្រជាពលរដ្ឋដែលត្រូវគេដុត និងរុះរើផ្ទះ ចំនួន៩គ្រួសារ រួមមានឈ្មោះ ឆាយ ពេជ្រ, កែវ រើន, ហេង ម៉ៅ, ដុស លួម, ព្រាប សៀន, លន់ ហៅ ហេង, លាភ, សល់, ទុំ, បានអោយដឹងថា ដោយគ្រួសាររបស់ពួកគាត់ជាយោធិនរំសាយ និងពិការត្រូវបានរដ្ឋាភិបាលមាន សម្តេច ហ៊ុន សែន បានប្រកាស់ចែកដី៥ហិចតាក្នុងមួយគ្រួសារជូនពួកគាត់ ក្រោយសមាហរន្តកម្មទើបពួកគាត់មកនៅ និងធ្វើស្រែអស់រយៈពេល៦ ទៅ៧ឆ្នាំមកហើយ ដោយមានសរុបទាំងអស់៣៦គ្រួសារ ។ ការរស់នៅ និងអាស្រ័យផលលើដីចំនុចបឹងការប៉ៅនេះពុំដែលមានបញ្ហាអ្វីឡើយ តែ២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន លី អ៊ុតនី ដែលមានលោក លី អ៊ុតនី ជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បាន ប្តឹងផ្តល់មកលើពួកគាត់ អោយពួកគាត់រុះរើលំនៅដ្ឋាន និងមិនត្រូវធ្វើស្រែចម្ការនៅលើដីទំហំ១៨០ហិចតា ។ មិនតែប៉ុណ្ណោះនៅវេលាម៉ោង១១ ថ្ងៃត្រង់ម្សិលមិញ ក្រុមហ៊ុនលោក លី អ៊ុតនី ដែលមានលោក ភុំ ជឹណ្ណារា និងលោក ព្រាប សារុន អតីតមេបញ្ជារងកងពលលេខ២១ ដែលជាអ្នលក់ដីទាំងនេះអោយលោក លី អ៊ុតនី ព្រមទាំងសមត្ថកិច្ចនគរបាលជាច្រើននាក់ឈរការពារ មិនអោយពលរដ្ឋប្រើហឹង្សាមកលើកំលាំងក្រុមហ៊ុន ក្នុងការដុតផ្ទះមួយខ្នងរបស់ឈ្មោះ ដុស លួម ភេទស្រី អាយុ៤៥ឆ្នាំ ដែលមិនបាននៅផ្ទះរវល់ទៅស៊ីឈ្នួលដាំដំឡូងអោយគេ និងបានរើផ្ទះ ផ្តួលរំលំផ្ទះ ចំនួន៨ខ្នងទៀតរបស់ពួកគាត់ ។ ថែមទាំងបានយក គ្រឿងចក្រឈូសឆាយដំណាំ រួមមាន ស្រូវ សណ្តែក ចេក ជាច្រើនហិចតា ។ មិនតែប៉ណ្ណោះ ក្រុមហ៊ុននេះបានប្រើគ្រឿងចក្រកាយដីធ្វើជាប្រឡាយ នៅមុខលំនៅដ្ឋាពួកគាត់ និងកាយផ្តួលរំលំដើមឈើបិទផ្លូវមិនអោយពួកគាត់ធ្វើដំណើរទៅលំនៅដ្ឋានបាន ។ ទោះបីជាប្រជាពលរដ្ឋ ជាម្ចាស់ផ្ទះកំពុងតែស្ថិតនៅក្នុងផ្ទះ និងធ្វើការតវ៉ាយ៉ាងណាក៏ដោយ ។ លោក ភុំ ជឹណ្ណារា ដំណាងអោយក្រុមហ៊ុន លី អ៊ុតនី អ៊ីមផតអ៊ិចផត បានបដិសេធទៅនិងការចោទប្រកាន់ថា ក្រុមហ៊ុន ដុតបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ គឺខាងក្រុមហ៊ុនគ្រាន់តែរុះរើសំណង់ទាំងនោះទៅតាមអ្វីដែលពួកគាត់មិនគោរពតាមសន្យាថា ក្រោយចូលឆ្នាំរួចរុះរើដោយខ្លួនឯង ។ ការដែលក្រុមហ៊ុនហ៊ានធ្វើបែបនេះគឺសំអាងទៅលើ ស.ជ.ណ លេខ១៥៥៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៤ ធ្នូ ២០១២ និងសេចក្តីជូនដំណឹងរបស់សាលាខេត្តបន្ទាយមានជ័យ លេខ២១៧ ចុះថ្ងៃទី១១ មិថុនា ២០១៤ និងទៅតាមដីការរក្សាការពាររបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។ជាមួយការអះអាងនេះប្រជាពលរដ្ឋដែលរងគ្រោះ ទាំង៩គ្រួសារ បានចោទប្រកាន់ទៅលើក្រុមហ៊ុនថា ពុំមានដីការអោយរុះរើផងស្រាប់តែយកកំលាំងសមត្ថកិច្ចមកការពារ សកម្មភាពដុតបំផ្លាញ និងរុះរើលំនៅដ្ឋានពួកគាត់ ធ្វើអោយពួកគាត់គ្មានទីជំរក និងសុំអ្នកជិតខាងជ្រកភ្លៀងបន្ទាប់ពីរុះរើរួច ៕
ព័ត៌មានជាតិ
មតិយោបល់