កណ្ដាល៖ អំពើហឹង្សាក្នុងគ្រួសារមួយ ដោយសារតែប្ដី ស្រវឹងស្រាយ៉ាងជោគជាំ បានទាញកាំបិតផ្គាក់កាប់ទៅលើប្រពន្ធ បណ្ដាលឲ្យដាច់ម្រាមដៃចំនួន ៣ ព្រមទាំងបានវាយម្ដាយក្មេកឲ្យជាំមុខ ខណៈពេលចូលមកឃាត់។
សមត្ថកិច្ចស្រុកកៀនស្វាយ បានថ្លែងឲ្យដឹងថា ជម្លោះនោះបានកើតឡើងដោយសារតែប្រពន្ធស្ដីបន្ទោស ព្រោះរឿងប្ដីស្រវឹងស្រាជោករាល់ថ្ងៃ ព្រមទាំងមកដល់ផ្ទះរករឿងគ្រួសាររហូត។ ពេលប្រពន្ធស្ដីបន្ទោសច្រើនដងពេក នៅថ្ងៃកើតហេតុ បុរសជាប្ដីបានទាញកាំបិតផ្គាក់កាប់ទៅលើប្រពន្ធ បណ្ដាលឲ្យដាច់ម្រាមដៃចំនួន៣ តែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ២០៖៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ នៅភូមិ គគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ដោយជនរងគ្រោះ ជាប្រពន្ធមានឈ្មោះ អិន សារ៉េត អាយុ ៣៦ឆ្នាំ របួសដាច់ម្រាមដៃឆ្វេងចំនួន៣ និង ម្ដាយក្មេក មានឈ្មោះ សឿន សារឿង អាយុ៦៥ឆ្នាំ រងរបួសលើផ្ទៃមុខ ខណៈជនបង្កជាប្ដី និងជាកូនប្រសារ មានឈ្មោះ បី ឆាន ភេទប្រុស អាយុ៤៦ ឆ្នាំ មានស្រុកកំណើត ក្នុងភូមិដូង ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នមកនៅ ក្នុងភូមិឃុំកើតហេតុខាងលើ ៕
ព័ត៌មានជាតិ
មតិយោបល់