ភ្នំពេញ៖ លោក ឈុន សុវណ្ណភក្ដី ម្ចាស់ផលិតកម្ម BKS នៅរសៀលនេះ ក្នុងបទសម្ភាសនៅផលិតកម្មផ្ទាល់តែម្តងជាមួយនឹងភ្នាក់ងារយកព៍័ត៌មានបានប្រាប់គេហទំព័រដំណឹងឲ្យដឹងថាលោកគ្រោងដឹកដៃនារីម្នាក់ជាកូនយោធាចូលរោងការនៅថ្ងៃ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ខាងមុខនេះ។
នារីដែលម្ចាស់ផលិតកម្មវ័យក្មេងលោក ឈុន សុវណ្ណភក្ដី ជ្រើសរើសជាគូអនាគត និងចូលរោងជ័យក្នុងពេលខាងមុខនេះ មានឈ្មោះ ម៉ែន ចេននីក វ័យ២៤ឆ្នាំ ពោលគឺបងលោក ឈុន សុវណ្ណភក្តី រហូតដល់ទៅ៣ឆ្នាំឯណោះ ។
គេថាយកប្រពន្ធចាស់ជាងខ្លួន រកស៊ីធូ និងមានបាន។ ត្រង់ចំណុចនេះ លោក ឈុន សុវណ្ណភក្តីបានលើកឡើងថា វាមិនសំខាន់រឿងអាយុ សំខាន់ពួកយើងស្រលាញ់គ្នា ដោយស្មោះ ។ លោកក៏បានលើកឡើងទៀតថា មូលហេតុដែលលោកសម្រេចយក អនាគតភរិយាឈ្មោះ ម៉ែន ចេននីក ជាគូអនាគតដោយសារតែនាងជានារីដែលវ័យឆ្លាត និងពូកែយកចិត្តថ្លើមខ្លួនណាស់ រាល់ភារៈកិច្ចអ្វីក៏នាងអាចធ្វើបានដែរ ជាពិសេស ផ្នែកចង្រ្កានបាយតែម្តង។
ចាហ្វាងផលិតកម្មវ័យក្មេងរូបនេះក៏បានថ្លែងថាសម្រាប់យើងទាំងពីរគឺបានសិក្សាចិត្តថ្លើមជាមួយនឹងគ្នារយៈពេលកន្លះឆ្នាំ ដោយស្គាល់នាងដំបូងបំផុតនៅក្នុងពិធីខួបកំណើតរបស់នាង ។
ដោយឡែកសម្រាប់ថ្លៃទឹកដោះវិញខាងស្រីមិនបានទាមទារនោះទេ តែខាងប៉ាម៉ាករបស់ខ្លួនបានសម្រេចឲ្យរហូតដល់ទៅ ៣ម៉ឺនដុល្លារអាមេរិក។ ម្យ៉ាងវិញទៀត ចំនួនតុដែលត្រូវរៀបចំទទួលភ្ញៀវកិត្តិយស គឺ១០០ តុ ក្នុងនោះអ្នកសិល្បៈចំនួន ១០តុ ហើយកន្លែងដែលត្រូវរៀបចំមង្គលការនេះគឺអាចនឹងនៅគេហដ្ឋានខ្លួនតែម្តង (ដោយសុំខាងស្រីរៀបចំនៅខាងគេហដ្ឋានខ្លួន) ដើម្បីរិតចំណងជាមួយនឹងអ្នកសិល្បៈ ។
លោក ឈុន សុវណ្ណភក្តី បានថ្លែងជាចុងក្រោយលាយឡំជាមួយនឹងស្នាមញញឹមថា នៅពេលដែលរៀបការរួច លោក និងភរិយា និងបើកជំនួញរួមគ្នា ហើយផលិតកម្មវិញ ក៏នៅតែបន្តផលិតបទចម្រៀងស្នាដៃកូនខ្មែរ និងបន្តផលិតកុន ។ លើសពីនេះទៅទៀត ក្រោយចូលរោងជ័យចប់ស្រួលបួល លោកក៏បានត្រៀមខ្លួនថតរឿង ថ្មី ដោយខ្លួនត្រូវដើរជាតួឯក ជាមួយនឹងកញ្ញា តូតា ក្នុងរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» ដែលជារឿងបែបកំប្លែង សើចចុកពោះ ៕






















មតិយោបល់