ព័ត៌មានជាតិ

អាមេរិកបញ្ជូនយន្ដហោះ ឱ្យទៅជួយឥណ្ឌូណេស៊ីតាមរកនាវាមុជទឹកដែលបាត់ដំណឹងជាមួយនាវិក៥៣នាក់

 

(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងថាយោធាអាមេរិកនឹងបញ្ជូនក្រុមទ័ពអាកាស ដើម្បីជួយឥណ្ឌូណេស៊ីស្វែងរកនាវាមុជទឹកមួយគ្រឿងដែលបានបាត់ដំណឹងជាមួយនាវិក ៥៣នាក់នៅលើនាវានោះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Kirby បាននិយាយថាក្រសួងការពារជាតិអាមេរិក មានការសោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មាននៃនាវាមុជទឹក ឥណ្ឌូណេស៉ី KRI Nanggala 402 ដែលបានបាត់ដំណឹងកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្នុងអំឡុងពេលហ្វឹកហ្វឺននៅម្ដុំដែនទឹកភាគខាងជើងកោះបាលី ហើយការព្រួយបារម្ភរបស់យើងនោះ គឺនាវិកឥណ្ឌូណេស៊ី និងក្រុមគ្រួសាររបស់ពួកគេដែលបានបាត់ខ្លួនជាមួយនាវានោះ។ តាមការស្នើសុំពីរដ្ឋាភិបាលឥណ្ឌូណេស៊ី យើងកំពុងបញ្ជូនក្រុមទ័ពអាកាស ដើម្បីជួយស្វែងរកនាវាមុជទឹកដែលបាត់ដំណឹងនោះហើយ»។

ការហៀរប្រេងមួយ ដែលត្រូវបានប្រទះឃើញក្បែរទីតាំង ដែលនាវាមុជទឹកឥណ្ឌូណេស៉ី KRI Nanggala 402 នោះមុជចូលជ្រៅទៅក្នុងទឹក បានចង្អុលបង្ហាញពីការខូចខាតដែលអាចកើតមានឡើងចំពោះធុងប្រេងឥន្ធនៈរបស់វា៕

AFP៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់