អង្គការសុខភាពពិភពលោក (WHO) បានសម្រេចទទួលស្គាល់វ៉ាក់សាំងចិន ឈ្មោះ ស៊ីណូហ្វាម ជាផ្លូវការហេីយ។ អង្គការនេះ បានដាក់វ៉ាក់សាំងចិន Sinopharm ចូលក្នុងបញ្ជីប្រេីប្រាស់បន្ទាន់ប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបេីយោងតាមបណ្តាញសង្គម Twitter របស់អង្គការ WHO នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
វ៉ាក់សាំងនេះជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស។ វាបានក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO)។ ហើយនេះក៏ជាលើកទី១ ផងដែរ ដែលអង្គការអន្តរជាតិមួយនេះ បានផ្តល់ការអនុញ្ញាតិឲ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងចិនសម្រាប់បង្ការជំងឺឆ្លងណាមួយ។ កន្លងមក កម្ពុជាបានទទួល Sinopharm សរុប ១,៣លានដូស ជាជំនួយពីប្រទេសចិន។
ការចុះបញ្ជីរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការមួយនេះផងដែរ។
មតិយោបល់