ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានផ្ដាំផ្ញើដល់នាយទាហានឲ្យយកចិត្តទុកដាក់ភារកិច្ច៣សំខាន់ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនូវភារកិច្ច ៣សំខាន់សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី៖ ទី១-រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមុនដែលបានកសាង ទី២-កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងទី៣-បន្តសមិទ្ធផលទាំងនេះ ដើម្បីរៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេន។
ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ក្រៅពីភារកិច្ចជាក់ស្តែងជាច្រើនទៀត កិច្ចការទាំង ៣ នេះ គឺជាទិសដៅស្នូលសំខាន់សម្រាប់មេបញ្ជាការគ្រប់ជំនាន់ទាំងអស់ នៅក្នុងការចូលរួមពង្រឹងស្ថាប័ន-កងឯកភាពក្រោមការទទួលខុសត្រូវ ព្រមទាំងសង្ឃឹមផងដែរថា នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី នឹងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អជាមួយថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងស្ថាប័ន-កងឯកភាព បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែប្រសើរឡើងថែមទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបែបនេះនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
មេបញ្ជាការកងទ័ពជើងគោកបាន កោតសរសើរបណ្តាស្ថាប័ន-កងឯកភាព ដែលកន្លងមកបានគ្រប់គ្រងកម្លាំងបានល្អ ដោយអនុវត្តវិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យអត្រានៃករណីឆ្លងនៅក្នុងជួរយោធិនរបស់យើងមានអត្រាទាប បើធៀបទៅនឹងសមាមាត្រនៃសន្ទុះនៃការរីករាលនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ដោយហេតុថា ក្នុងរយៈកាលកន្លងមកនេះ កងទ័ពបានក្លាយជាកម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខ្ញុំក៏សូមណែនាំដល់បណ្តាស្ថាប័ន-កងឯកភាព បន្តយកចិត្តទុកដាក់ក្នុងកិច្ចការ និងភារកិច្ចចំពោះមុខដ៏សំខាន់ចាំបាច់នេះ តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលនៅក្នុងអង្គភាព ដើម្បីការពារកងកម្លាំងរបស់យើង និងគ្រួសារ ក៏ដូចជាសហគមន៍ និងត្រៀមខ្លួនបន្តចូលរួមជាមួយរាជរដ្ឋាភិបាល, អាជ្ញាធរដែនដីរាជធានី-ខេត្ត ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាបំផុត៕

មតិយោបល់