ព័ត៌មានជាតិ

ទៀតហើយ! រកឃើញ ងៀតបបែល មានផ្ទុកសារធាតុគីមី

រតនគិរីៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារបានលុង និងផ្សារកូនមុំ ខេត្តរតនគិរី។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើម្ហូបអាហាមួយចំនួនរួមមាន៖ ងៀតបបែល គ្រឿងសមុទ្រ និងផលិតផលទំនិញម្ហូបអាហារ មួយចំនួន ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកសាធាតុគីមីហាមឃាត់បូរ៉ាក់ក្នុងគំរូ ងៀតបបែល ចំនួន ៣.២០ គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់បានចំនួន ៦១.៧៨ គីឡូក្រាម សរុបចំនួន ៦៤.៩៨ គីឡូក្រាម។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូត ដើម្បីធ្វើការដុតកម្ទេចចោល និងបានឱ្យតំណាងម្ចាស់ម្ហូបអាហារ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ ដែលមានផ្ទុកសារធាតុគីមី និងហួសកាលបរិច្ឆេទបន្តទៀត។ បន្ទាប់មកមន្រ្តីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់