ព្រះវិហារ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ អមដំណើរដោយក្រុមការងារ ចុះពិនិត្យមើលទំនប់ទប់ទឹក និងការដាំដុះដំណាំផ្សេងៗ របស់បងប្អូនកងទ័ពដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ នៃទិសទី១ប្រាសាទព្រះវិហារ។
លោកមេបញ្ជាការ ថ្លែងថា ក្រៅពីភារកិច្ចស្នូល នៅក្នុងកាតព្វកិច្ចការពារជាតិមាតុភូមិ និងរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋហើយនោះ។ បងប្អូនកងទ័ព ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះការបង្កបង្កើនផលដាំដុះបន្លែចម្រុះ ចិញ្ចឹមសត្វ ជាលក្ខណៈអង្គភាព និងនៅតាមផ្ទះបងប្អូនគ្រួសារកងទ័ព។
ក្រោមការយកចិត្តទុក្ខដាក់ និងការណែនាំ របស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម មេបញ្ជាការកងពលធំលេខ៣ និងបទបញ្ជាផ្ទៃក្នុងអង្គភាពធ្វើឲ្យអង្គភាពចំណុះទាំង៥ បាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់លើកការងារកសាងជំរុំជម្រកស្នាក់នៅ របស់បងប្អូនកងទ័ព គ្រួសារទ័ព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការបង្កបង្កើនផលដាំដុះបន្លែចម្រុះ និងចិញ្ចឹមសត្វ ទៅតាមផែនការ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនានេះដែរ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានអញ្ជើញចូលរួមអបអរសាទរចំពោះការវិលត្រលប់ទៅកាន់លំនៅដ្ឋានរបស់បងប្អូនពលរដ្ឋដែលពាក់ព័ន្ធ និងអ្នកផ្ទុកជំងឺកូវីត-១៩ ដែលអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទទួលយកដើម្បីធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ ពីមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ថ្ងៃនេះត្រូវបានក្រុមការងារសុខាភិបាល នៃមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត និងក្រុមការងារសុខាភិបាលកងពល អនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយ ដោយសារពួកគាត់ទាំង១៧នាក់នេះ មិនមានរោគសញ្ញាវីរុសកូវីដ-១៩ឡើយ៕
មតិយោបល់