សេចក្តីស្នេហាគឺជារឿងដែលល្អសម្រាប់មនុស្សគ្រប់រូប តែនៅពេលមានសេចក្តីស្នេហាហើយ យើងត្រូវធ្វើយ៉ាងណាឱ្យសេចក្តីស្នេហានោះនៅស្ថិតស្ថេរ និងយូរអង្វែងរហូតទៅ ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗមកជម្រាបគូស្វាមីថ្មោងថ្មីគ្រប់គ្នាដូចតទៅ។
១ – សម្លឹងរកមើលចំណុចមិនល្អរបស់ខ្លួនឯង
នៅពេលរស់នៅរួមគ្នា ម្នាក់ៗក៏នឹងមើលឃើញពីចំណុចមិនល្អរបស់គ្នាទៅវិញទៅមក តែកុំយកចំណុចមិនល្អរបស់ដៃគូមករារាំងការសម្របសម្រួលកែខៃចំណុចមិនល្អរបស់ខ្លួនឱ្យសោះ ព្រោះការដែលអ្នកសម្របសម្រួលខ្លួននោះ ដៃគូរបស់អ្នកនឹងសម្លឹងត្រ-ឡប់មករកចំណុចមិនល្អរបស់ខ្លួនឯងដើម្បីកែសម្រួលដូចគ្នាដែរ។
២ – កុំសម្តែងភាពមិនពេញចិត្តដៃគូនៅចំពោះមុខបុគ្គលដទៃ
ព្រោះមិនថា ស្រ្តី ឬក៏បុរសនោះទេ បើជួបហេតុការបែបនេះនឹងមានអារម្មណ៍ថា ដូចខ្លួនឯងត្រូវគេទះកំភ្លៀងដូច្នោះដែរ ហើយលទ្ធផលដែលតាមមកនោះគឺ ការឈ្លោះប្រកែកគ្នានឹងកើតឡើង ដូច្នេះគួរសង្កត់ទប់អារម្មណ៍មិនពេញចិត្តនោះទុកយកទៅនិយាយគ្នានៅឯផ្ទះវិញប្រសើរជាងធ្លាក់ខ្លួនក្លាយជាចំណីខ្សែភ្នែករបស់អ្នកដំណើរនៅតាមផ្លូវ។
៣ – កុំលះបង់ពេលវេលាទៅលើការងារច្រើនជ្រុលពេក
រហូតគ្មានពេលវេលាឱ្យគ្រួសារ ព្រោះក្រុមគ្រួសារគឺជាអ្វីដែលសំខាន់បំផុតក្នុងការជួយរុញច្រាន និងគាំទ្រឱ្យការធ្វើការងាររបស់អ្នករីកចម្រើនឈានទៅមុខ។
៤ – ពេលមានបញ្ហាត្រូវបែរមុខរកគ្នា
មិនមែនថា ដល់ពេលកើតបញ្ហាហើយ ម្នាក់ៗបែរខ្នងដាក់គ្នា មិននិយាយ មិនអធិប្បាយពន្យល់ប្រាប់គ្នាអំពីបញ្ហាដែលកើតឡើង ព្រោះតែគិតថា មិនចាំបាច់ត្រូវអធិប្បាយអ្វីនោះឡើយ បណ្តោយឱ្យវាកន្លងទៅ បន្តិចទៀតម្នាក់ៗគង់តែភ្លេចមិនខាន តែ តើអ្នក
ដឹងទេថា វាគឺជាស្នាមប្រេះឆាដែលកំពុងតែធ្វើឱ្យជីវិតគូរបស់អ្នកមិនយូអង្វែង ដូច្នេះចូរបែរមុខមកនិយាយគ្នាទើបជារឿងមួយល្អបំផុត។
៥ – ឧស្សាហ៍បន្ថែមកម្លាំងចិត្តដល់គ្នា
ពេលអ្នកទាំងពីរមករស់នៅរួមគ្នា ច្បាស់ជាត្រូវជួបនឹងសេចក្តីសុខ និងសេចក្តីទុក្ខវឹលវល់ផ្លាស់ប្តូរគ្នាចូលមកមិនខាន ដូច្នេះសុំតែម្យ៉ាងគត់ គឺកុំអាលអស់កម្លាំងចិត្តក្នុងការតស៊ូ ចូរនៅចាំធ្វើជាកម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកក្នុងពេលដែល គាត់ ឬនាងមានទុក្ខវិញប្រសើរជាង។
៦ – រកពេលវេលារំលឹកអនុស្សាវរីយ៍ល្អៗកាលពីអតីតកាល
មិនថាតែនៅតាមខេត្ត ឬទីកន្លែងណាក៏ដោយដែលអ្នកទាំងពីរពេញចិត្ត និងចូលចិត្តទៅញឹកញាប់ ចូរប្រើអំឡុងពេលនោះប្រមូលយកអនុស្សាវរីយ៍ និងការចងចាំល្អៗដែលធ្វើឱ្យអ្នកទាំងពីរមានថ្ងៃនេះ។
ការមានស្នេហាមិនមែនជារឿងពិបាកទេ តែការធ្វើឱ្យស្នេហានោះនៅគង់វង្សស្ថិតស្ថេរយូអង្វែងទៅវិញទេ ដែលជារឿងពិបាកនោះ៕
មតិយោបល់