(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចេញមុខការពារការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានរបស់លោក ប្រធានាធិបតី ចូ បៃដិន នៅឯសវនាការមួយនៃសភាជាតិ។
លោក Antony Blinken ធ្វើការកត់សម្គាល់បែបនេះនាឱកាសបង្ហាញខ្លួននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នៅក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការ ការបរទេសនៃសភាតំណាងរាស្ត្រជាទីដែលសមាជិកសភាតំណាងរាស្ត្រម្នាក់មកពីគណបក្សសាធារណរដ្ឋបានទាមទារឱ្យលោកចុះចេញពីតំណែង។
នៅចំពោះមុខការសួរចម្លើយពីសមាជិកសភា លោក Antony Blinken បានវាយបកទៅនឹងការចោទប្រកាន់ដែលថាក្រសួងការបរទេសអាមេរិកមិនបានប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះនោះទេ ដោយលោកបានបន្ទោសទៅលើអតីតរដ្ឋបាលលោក ដូណាល់ ត្រាំដែល ខ្វះខាតក្នុងការរៀបចំផែនការ ទើបជាហេតុបង្កឱ្យមានភាពចលាចលក្នុងប្រតិបត្តិការជម្លៀសមនុស្សចេញពីរដ្ឋធានីកាប៊ុល។
លោក Blinken បន្ថែមថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមលើកិច្ចព្រមព្រៀងដកកងទ័ពជាមួយក្រុមតាលីបង់ ខណៈរដ្ឋបាលលោកប្រធានាធិបតី បៃដិន មិនបានពិចារណាធ្វើកិច្ចចរចាឡើងវិញនោះទេ ដោយសារតែការគំរាមកំហែងរបស់តាលីបង់ដល់អាយុជីវិតពលរដ្ឋអាមេរិក។
លោក Blinken គ្រោងនឹងបន្តផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកិច្ចការការបរទេសនៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះគឺជា លើកដំបូងបំផុតដែលមន្ត្រីជាន់ខ្ពស់ក្រោមរដ្ឋបាលលោក បៃដិន ផ្ដល់សក្ខីកម្មចំពោះមុខសភាជាតិ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហាមក៕
ប្រភព៖ AFP
មតិយោបល់